ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពី ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្ក្រាន្តវត្តភ្នំ៤ថ្ងៃ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រដ្ឋបាលរាជធានី ភ្នំពេញនឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន។
កម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តដែលរដ្ឋបាលរាជធានីនឹងរៀបចំមានដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ ព្រមទាំង ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។
ទន្ទឹមនោះ ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្រ្កាន្តវត្តភ្នំ ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
រដ្ឋបាលរាជធានីភ្នំពេញសុំការយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី។ ចំពោះប្រជាពលរដ្ឋដែលពុំមានការចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងប្រារព្ធពិធីឡើយ ព្រោះអាចមានចរាចរណ៍មមាញឹកខ្លាំងដោយសារ មធ្យោយបាយធ្វើដំណើររបស់អ្នកមកចូលរួមកម្មវិធី៕