ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា ប្ដេជ្ញាខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា បានប្ដេជ្ញាខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកម្ពុជា ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោក ឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត។

លោក Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ប្តេជ្ញាដូចនេះក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានលើកឡើងថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ កន្លងទៅនេះ ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ានដែលបានខិតខំប្រឹងប្រែង ជាពិសេសគឺការចូលរួម គាំទ្រ និងការពារ មីយ៉ាន់ម៉ា រហូតសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ចការងារផ្ទាល់នៅប្រទេសមីយ៉ាន់ម៉ា គោលបំណងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា។

ជាមួយគ្នានេះដែរ នៅពេលមីយ៉ាន់ម៉ា ជួបក្នុងពេលវិបត្តិកូវីដ សម្ដេចតេជោ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការជួយគាំទ្រដល់មីយ៉ាន់ម៉ា មានដូចជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា និងបានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។

លោកក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការរៀបចំអនុវត្តគោលការណ៍៥ចំណុច សម្រាប់ការឈានឆ្ពោះទៅរកការបោះឆ្នោត ដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ខាងមុខនេះ ដោយក្នុងនោះមានគណបក្សចំនួន ៤៥ នឹងចូលរួម ។ ហើយរដ្ឋាភិបាលក៏បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីអោយវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាពមកវិញ។

ជាការឆ្លើយតប សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានអរគុណចំពោះ ឯកអគ្គរដ្ឋទូត ដែលបានធ្វើរបាយការណ៍អំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ាជូន សម្ដេចក៏ដូចជាជំនួបទាំងមូលនៅពេលនេះ និងបង្ហាញពីការថែទាំក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

សម្តេចតេជោបានឱ្យដឹងថា ប្រទេសទាំងពីរគឺមានទំនាក់ទំនង ទំនៀមទម្លាប់ វប្បធម៌ និងសាសនា ជាពិសេសគឺឥទ្ធិពលនៃសាសនា ដែលប៉ុន្មានថ្ងៃខាងមុខនេះប្រទេសយើងទាំង ៤នៅតាមដងទន្លេមេគង្គមាន កម្ពុជា ឡាវ ថៃ និង មីយ៉ាន់ម៉ានឹងប្រារព្ធពិធី ចូលឆ្នាំថ្មី ឬហៅថាសង្ក្រាន្តដូចគ្នា។ កន្លងទៅក៏បានបង្កើត អាកម៉ិច នៅបាកាន ប្រទេសមីយ៉ាន់ម៉ាដែលមានប្រទេសឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា ចូលររួម ហើយក៏មានកិច្ចសហប្រតិបត្តិការជាច្រើន ដូច្នេះត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។

ពាក់ព័ន្ធនឹងស្ថានភាព មីយ៉ាន់ម៉ា សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ហើយថាសម្ដេច មានបំណងបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ា បន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។

សម្ដេចតេជោ ក៏បានលើកឡើងអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហមហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះជាមួយមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរតែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត ប៉ុន្តែដោយគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច និងការជំនះ របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និង គណបក្សប្រជាជនកម្ពុជា យើងបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។

សម្ដេចតេជោ ក៏បានជូនពរដល់ ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រតិភូដែលបានចូលជួបសម្ដែងការគួរសមថ្ងៃនេះ និងបានផ្ដាំផ្ញើសួរសុខទុក្ខទៅដល់ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និង ស្នើឲ្យឯកអគ្គរដ្ឋទូតពាំនាំនូវសំណូមពររបស់សម្ដេច ដើម្បីជួបពិភាក្សាសួរសុខទុក្ខ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ conference ក្នុងពេលសមស្របណាមួយអាចនឹងមុនសង្ក្រាន្ត ឬក៏ក្រោយសង្ក្រាន្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក