លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកនាំពាក្យ៖ កម្ពុជាប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា កម្ពុជាគឺជាប្រទេសតូចមែនតែពិតជាអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ ងើបពីកូវីដ-១៩ ភ្លាម មានកំណើនសេដ្ឋកិច្ចស្ទុះងើបឡើងយ៉ាងលឿនលើសគេក្នុងអាស៊ាន។

លោក ប៉ែន បូណា បញ្ជាក់ថា លទ្ធផលដ៏ល្អបែបនេះមិនអាចសម្រេចបានឡើយប្រសិនបើគ្មានថ្នាក់ដឹកនាំខ្លាំងពូកែនិងប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់ទេនោះ។

លោកបានឱ្យដឹងទៀតថា នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

លោកបញ្ជាក់ថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។

លោកគូសបញ្ជាក់ថា៖«គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់និងថេរក្នុងរង្វង់៧% រយៈពេលរាប់ទសវត្សរ៍។ នេះគឺជាកាលានុវត្តភាពដែលជំរុញឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កូវីដ-១៩ បានចូលមកបង្អាក់ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងគំហុក ប៉ុន្តែកម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់នៃវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយនេះដែរ ក្រោមការចាត់ចែង និងដឹកនាំរបស់ប្រមុខដឹកនាំដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញប្រទេសនិងប្រជាពលរដ្ឋឱ្យចាកចេញពីកូវីដ-១៩ជាបណ្តើរៗបានយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសនានាជាច្រើននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។

ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែមានឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លានិងចក្ខុវិស័យយ៉ាងច្បាស់លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាមួយគ្នានេះ ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់ចំណុចទាំងអស់សុទ្ធតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។

ទន្ទឹមនឹងនោះ លោក ប៉ែន បូណា បន្ថែមថា «ការទូតសេដ្ឋកិច្ច»ក៏ជានយោបាយការបរទេសដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដោយផ្តោតទៅលើការទាក់ទាញវិនិយោគនិងទេសចរណ៍។ នយោបាយសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេសត្រូវបានអនុវត្តយ៉ាងសកម្ម។

គួរឱ្យដឹងថា កម្ពុជាឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក