
វៀតណាម ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចូលរៀនកម្រិតបរិញ្ញាបត្ររង ក្នុងឆ្នាំសិក្សា២០២៤-២០២៥
បន្ទាយមានជ័យ៖ ខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចូលរៀនកម្រិតបរិញ្ញាបត្ររង ក្នុងឆ្នាំសិក្សា២០២៤-២០២៥។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលលិខិតជូនដំណឹងពីគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ស្តីពីការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចូលរៀនកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា២០២៤-២០២៥ ដែលទាំងអស់នេះគឺជាការផ្តល់ជំនួយដ៏មានតម្លៃមិក៏ដូចជាការលើកកម្ពស់នៅក្នុងវិស័យអប់រំនៅកម្ពុជា ជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ទទួលបានការសិក្សារៀនសូត្រប្រកបដោយចំណេះដឹង។
ជាមួយគ្នានេះ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ប្រតិភូប្រទេសវៀតណាមមកពីខេត្តដុងថាប់ បានមកបំពេញខេត្តបន្ទាយមានជ័យ និងបានជូនពរឆ្នាំថ្មីទៅដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលដល់នាពេលដ៏ខ្លីខាងមុខនេះ។
នាឱកាសនោះ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលសាធារណៈសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលក្នុងរយៈពេលជាង៤០ឆ្នាំនេះមានការអភិវឌ្ឍយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសក្នុងអាណត្តិទី៧ ថ្មីនេះ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពេលបច្ចុប្បន្ននេះ។
លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងរយៈពេលជាង១២ឆ្នាំ មកនេះដែលខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាតាមរយៈការអនុវត្តនូវខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតចំណងមិត្តភាពថ្នាក់ខេត្តដែលបានចុះហត្ថលេខាជាផ្លូវការ ២លេីករួចមកហេីយគ្រោងនឹងបន្តរយៈពេល ០៥ឆ្នាំបន្តទៀត(២០២៤-២០២៩)។
លោកបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម និយាយ ជារួមស្ថិតស្ថេរយូរអង្វែង និងកាន់តែវិវឌ្ឍខ្លាំងក្លានិងនៅតែបន្តរក្សានូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត៕