ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងអាណត្តិដែលសម្ដេចកាន់ការជាប្រធានព្រឹទ្ធសភាសម្ដេចនឹងយកការងារការទូត និងបង្កើនទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំសង្កាត់អាទិភាព។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងសន្ទរកថាបន្ទាប់ពីត្រូវបានសមាជិកសភាទាំងអស់ ៦២រូបបោះឆ្នោតគាំទ្រឲ្យសម្ដេចធ្វើជាប្រធាន។
ក្នុងឱកាសនៃការថ្លែងសារជាលើកដំបូងជាប្រធានព្រឹទ្ធសភាសម្ដេចតេជោបានអរគុណទៅដល់សមាជិកសភាទាំងមូលដែលទុកចិត្តមកលើសម្ដេច និងបានដាក់ការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរក្សាប្រជាធិបតេយ្យនិងគ្រឹះនៃតម្លៃសង្គមកម្ពុជា។
សម្ដេចបានលើកឡើងថាការងារជាអាទិភាពរបស់សម្ដេចកិច្ចការជាប្រធានព្រឹទ្ធសភានឹងផ្ដោតលើ «ការទូតសភា» ជាអតិភាព ព្រោះថាក្នុងស្ថានភាពការទូតសកលកំពុងតែមានភាពចម្រូងចម្រាស់បែបនេះត្រូវការចាំបាច់បំផុតក្នុងការពង្រឹងនៅការទូតមួយរបស់កម្ពុជាឲ្យមានភាពរឹងមាំ។
សម្ដេចថា៖ «តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់និងជុំវិញពិភពលោក។ និងការបំពេញបន្ថែមទៅលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាលនិងរដ្ឋសភាយើងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់នូវសន្តិភាព សន្តិសុខស្ថេរភាពនិងវិបុលភាពសម្រាប់សាកលលោក»។
ជាមួយគ្នានេះសម្រាប់កិច្ចការផ្ទៃក្នុងសម្ដេចថានឹងផ្ដោតសំខាន់ជាមួយនឹងទំនាក់ទំនងនៅថ្នាក់មូលដ្ឋានជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ដោយថាដើម្បីជំរុញនូវប្រជាធិបតេយ្យ យុត្តិធម៌ និងសមធម៌សង្គម។
សម្ដេចថា៖ «យើងនឹងបន្តចូលរួមចំណែកឲ្យអស់ពីសមត្ថភាព ដល់ដំណើរការប្រជាធិបតេយ្យនូបនីយកម្ម កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាសាធារណៈ។ ហើយស្មារតីនេះគឺត្រូវលើកកម្ពស់សេវាយុត្តិធម៌និងសមាធម៌ ធានាថាពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងសិទ្ធិសេរីភាពដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ»។
សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភាអាណត្តិទី៥ ដែលជាតំណែងខ្ពស់បំផុតនៅក្នុងអង្គការនីតិបញ្ញត្តិ។
សម្ដេចត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រជាប្រធានក្នុងសំឡេង ៦២លើ៦២សំឡេង៕