កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃទី០៣ ខែមេសានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួមទាំងមេដឹកនាំយោធាជាន់ខ្ពស់ជាច្រើននាក់ បានចូលរួមត្រួតពិនិត្យផ្ទាល់នូវការបាញ់បង្ហោះកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ដំណើរការដោយឥន្ធនៈរឹង (Solid-fuel Hypersonic Missile) ដោយលោកបានអបអរសាទរ និងចាត់ទុកសព្វាវុធថ្មីនេះគឺជា "តម្លៃយុទ្ធសាស្ត្រយោធាដ៏សំខាន់"។
ក្រោយការសាកល្បងបាញ់បង្ហោះមីស៊ីលបានដោយជោគជ័យ លោក គីម ជុងអ៊ុន ថ្លែងថា កូរ៉េខាងជើងបានបង្កើត "អាវុធយុទ្ធសាស្ត្រវាយលុកដ៏មានឥទ្ធិពលមួយផ្សេងទៀត" និងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការទទួលបានមីស៊ីលប្រភេទថ្មីជាច្រើនប្រភេទ ដែលដំណើរការដោយឥន្ធនៈរឹង (Solid-Fuel) ការគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរសំខាន់ៗជាច្រើនទៀត។ ទីភ្នាក់ងារសារព័ត៌មាន KCNA ថ្លែងថា ការសាកល្បងមីស៊ីលនៅព្រឹកថ្ងៃអង្គារនេះ គឺជា "មីស៊ីលផ្លោងកម្រិតមធ្យមប្រភេទថ្មី" ដែលផ្ទុកដោយក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។
គួរបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលត្រូវបានសាកល្បងនាពេលនេះបានធ្វើដំណើរក្នុងចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ មុននឹងធ្លាក់ក្នុងដែនទឹករវាងកូរ៉េខាងត្បូង និងជប៉ុន។ ដោយឡែក បើតាមទិន្នន័យរបស់ KCNA ប៉ាន់ស្មានថា មីស៊ីលនេះធ្វើដំណើរបានប្រមាណជា ១,០០០គីឡូម៉ែត្រ ដែលការសាកល្បងនេះធ្វើឡើងដើម្បីពិនិត្យលើគន្លងហោះរបស់មីស៊ីល ក៏ដូចជាសមត្ថភាពធ្វើសមយុទ្ធឆ្លងជួរនៃយានដែលមានល្បឿនលឿនជាងសំឡេងនេះ ជាមួយការគិតគូពីកម្រិតសុវត្ថិភាពដូចគ្នា។
ប្រភពដដែលថ្លែងថា៖ "ការបាញ់សាកល្បងនេះមិនមានជះឥទ្ធិពលអាក្រក់ ឬផលប៉ះពាល់ណាមួយដល់សន្តិសុខរបស់ប្រទេសជិតខាងខ្លួននោះទេ"៕