ព្រះវិហារ៖ ត្រីមាស១ គិតចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរមកទស្សនា និងកម្សាន្ត ជាង ៥ម៉ឺននាក់។
អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ចេញនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលបានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៣០ ៧៧៩នាក់ កើនឡើង ៩៧% ធៀបនឹងត្រីមាស១ ឆ្នាំ២០២៣ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២២ ៧០២នាក់ កើនឡើង ៨៥.៣% និងភ្ញៀវទេសចរបរទេស ចំនួន ៨ ០៧៧នាក់ កើនឡើង ១០១.៦%។
ជាមួយគ្នានេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ២១ ៣២០នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ១៦ ៩៥៩នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ៤ ៣៦១នាក់។
គួរឱ្យដឹងដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
រីឯប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី១០ (៩២៨-៩៤២) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ៕