ខ្មាន់កាំភ្លើងវ័យ ១២ឆ្នាំម្នាក់ត្រូវឃាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះអាវុធបណ្ដាលឱ្យស្លាប់មនុស្សក្នុងសាលារៀននាប្រទេសហ្វាំងឡង់
ហ្វាំងឡង់៖ របាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា កុមារដែលមានអាយុ ១២ឆ្នាំចំនួន ៣នាក់បានរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនមួយកន្លែង ស្ថិតក្រៅរដ្ឋធានីរបស់ហ្វាំងឡង់ ដោយក្នុងនោះមានកុមារម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស ស្របពេលជនសង្ស័យជាកុមារអាយុ ១២ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
របាយការណ៍ប៉ូលិសបានឱ្យដឹងថា ភ្លាមៗក្រោយកើតហេតុ ខាងសាលាបានទាក់ទងទៅកាន់អាណាព្យាបាលសិស្សឱ្យមកទទួលកូន មុនពេលសាលាសម្រេចបិទទ្វារបណ្ដោះអាសន្ន។ ក្នុងនោះផងដែរ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានដោយងាយស្រួលនៅឯជាយក្រុង Siltamaki ដែលជាទីតាំងឆ្ងាយពីសាលារៀនកើតហេតុ។ ប៉ូលិសបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យជាក្មេងអាយុ ១២ឆ្នាំព្រមទាំងអាវុធដែលប្រើក្នុងការបាញ់ប្រហារនេះ ត្រូវបាននាំមកសាកសួរ និងរក្សាទុកនៅប៉ុស្តិ៍ប៉ូលិសហើយ ស្របពេលដែលប៉ូលិសគ្មានតំរុយពីជនសង្ស័យណាផ្សេងក្រៅពីក្មេងខាងលើឡើយ។
គួរឱ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅឯសាលា Viertola ក្នុងទីក្រុង Vantaa ជាយរដ្ឋធានី Helsinki ដែលមានសិស្សកំពុងសិក្សាប្រហែល ៨០០នាក់ និងមានបុគ្គលិកអប់រំប្រហែល ៩០នាក់។ នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោក Petteri Orpo បានបញ្ជាក់ថា ព័ត៌មាននៃហេតុការណ៍ផ្ទុះអាវុធនេះបានបណ្ដាលឱ្យមានលោកមានការតក់ស្លុតជាខ្លាំង។ លោកបានថ្លែងនៅលើបណ្ដាញសង្គម X ថា៖ "លោកសូមចូលរួមក្នុងគ្រាដ៏លំបាកនេះជាមួយជនរងគ្រោះ មនុស្សជាទីស្រឡាញ់របស់ពួកគេ និងសិស្សានុសិស្ស និងបុគ្គលិកអប់រំផ្សេងទៀត" ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសហ្វាំងឡង់ រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានអាជ្ញាបណ្ណកាន់កាប់អាវុធប្រមាណជា ១,៥លាន ដោយអ្នកកាន់កាប់កាំភ្លើងមានប្រមាណជា ៤៣ម៉ឺននាក់ ក្នុងចំណោមប្រជាជនហ្វាំងឡង់សរុបជាង ៥,៦លាននាក់។ នៅក្នុងប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុបមួយនេះ ការបាញ់កាំភ្លើង និងការប្រមាញ់សត្វមានការពេញនិយមយ៉ាងខ្លាំងពីប្រជាជន៕