ហ្វីលីពីន៖ សាលារៀនរាប់រយកន្លែងក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងរដ្ឋធានីម៉ានីល បានផ្អាកដំណើរការបង្រៀនផ្ទាល់នៅក្នុងសាលារៀន នាថ្ងៃទី០២ ខែមេសានេះ ដែលបណ្ដាលមកពីការព្រួយបារម្ភអំពីអាកាសធាតុ និងរលកកំដៅក្ដៅខ្លាំងដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ពីមន្រ្តីទទួលបន្ទុកវិស័យអប់រំ។
បើតាមរបាយការណ៍ពីភ្នាក់ងារឧតុនិយម និងព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលបានបញ្ជាក់ថា សន្ទស្សន៍កំដៅនាពេលបច្ចុប្បន្ននេះត្រូវគេរំពឹងថានឹងឈានដល់ "កម្រិតគ្រោះថ្នាក់" ពោលគឺកំដៅនៅរដ្ឋធានីម៉ានីលអាចនឹងកើនឡើងដល់ ៤២អង្សារសេនៅថ្ងៃអង្គារនេះ ហើយទំនងជានឹងកើនឡើងដល់ ៤៣អង្សារសេនៅថ្ងៃពុធស្អែក ជាមួយនឹងកម្រិតសីតុណ្ហភាពខ្ពស់ស្រដៀងគ្នានៅក្នុងតំបន់ជាច្រើនផ្សេងទៀតទូទាំងប្រទេស។ យ៉ាងណាក្ដី បើតាមការព្យាករណ៍សីតុណ្ហភាពខ្ពស់បំផុតជាក់ស្ដែងនៅក្នុងរដ្ឋធានីម៉ានីល កើនឡើងត្រឹម ៣៤អង្សារសេប៉ុណ្ណោះ។
សាលាបឋមសិក្សា និងនៅកម្រិតអនុវិទ្យាល័យនៅខេត្តមួយរបស់ហ្វីលីពីនត្រូវបានបញ្ជាឱ្យបិទទ្វារ ខណៈសាលារៀននៅក្នុងតំបន់ផ្សេងទៀតត្រូវបានណែនាំឱ្យមានការសិក្សាពីចម្ងាយ។ ដោយឡែក សាលារៀនមួយចំនួននៅរដ្ឋធានីម៉ានីលបានសម្រេចកាត់បន្ថយម៉៉ោងសិក្សា ដើម្បីជៀសវាងសកម្មភាពនាអំឡុងម៉ោងដែលអាកាសធាតុកើនឡើងកំដៅខ្លាំង។
មន្រ្តីព្យាករណ៍អាកាសធាតុបានឱ្យដឹងថា សន្ទស្សន៍កំដៅពី ៤២អង្សាសេទៅ ៥១អង្សាសេអាចបណ្តាលឱ្យអាការៈក្តៅក្រហាយស្បែក និងអស់កម្លាំងដោយសារកំដៅក្ដៅខ្លាំង។ បច្ចុប្បន្ននេះ ទីក្រុង Cotabato ដែលស្ថិតនៅលើកោះមិនដាណាវ គឺជាទីតាំងដែលមានសីតុណ្ហភាពខ្ពស់ជាងគេបង្អស់ក្នុងប្រទេស ពោលគឺសីតុណ្ហភាពកំដៅបានកើនឡើងដល់ ៤២អង្សាសេ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដើមសប្តាហ៍នេះ៕