ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅពេលដែលត្រូវការទាញការគាំទ្ររបស់ឪពុកម្តាយសិស្ស ដាច់ខាតកុំដាក់កាតព្វកិច្ចឱ្យមានការបង់ប្រាក់ក្នុងកម្មវិធីសិក្សាណាមួយ។
សម្តេចធិបតីថ្លែងដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ«ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា» នារសៀលថ្ងៃអង្គារ ទី០២ មេសា ឆ្នាំ២០២៤។
សម្ដេចធិបតី បញ្ជាក់ថា ត្រូវចៀសផុតពីការដាក់កាតព្វកិច្ចណាមួយ ពិសេសកាតព្វកិច្ចហិរញ្ញវត្ថុ គឺចៀសឱ្យផុត កុំឱ្យមានការយល់ច្រលំ។
សម្តេចធិបតី៖«មិញខ្ញុំឃើញការបង្កើតមូលនីធិសមធម៌ លើកជាយោបល់ តែកុំបង្ខំឱ្យបង្កើត! បង្កើតមិនស្រួលគាត់យល់ច្រឡំថា ទាមទារដាក់កាតព្វកិច្ចឱ្យគាត់ត្រូវបង់(ថវិកា)ទៀត ដាច់ខាតកុំបង្ខំឱ្យឪពុកម្ដាយបង់ ធ្វើម៉េចឱ្យតែសាលាល្អ ឪពុកម្ដាយស្រលាញ់កូន គាត់ជួយឯងហើយ គាត់អត់មានថវិកា ក៏គាត់ជួយកម្លាំងចិត្ត ជួយណែនាំកូនបានដូចគ្នា»។
សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការចូលរួមរបស់ឪពុកម្តាយសិស្សមិនមែនត្រូវតែក្រោមរូបភាពជាថវិការចូលរួមដល់សាលានោះទេ ឱ្យតែឪពុកម្តាយអាចជួយប្រៀនប្រដៅកូនឱ្យខំប្រឹងសិក្សា ជំរុញឱ្យកូនគោរពវិន័យសាលា នោះជាការល្អបំផុតហើយ៕