
សម្ដេចធិបតី៖ ការអប់រំនៅសាលា និងនៅផ្ទះ គឺជាកត្តាសំខាន់ដើម្បីជួយលុបបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ឪពុកម្តាយ និងសិស្សជាតួអង្គក្នុងការអប់រំ ហើយការអប់រំនៅសាលា និងនៅផ្ទះ គឺជាកត្តាសំខាន់ដើម្បីជួយលុបបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ។
សម្តេចធិបតីថ្លែងដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ«ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា» នារសៀលថ្ងៃអង្គារ ទី០២ មេសា ឆ្នាំ២០២៤។
សម្តេចធិបតីបានឱ្យដឹងថា៖«អប់រំមានតែ៣ទេ គឺនៅផ្ទះ នៅសាលា និងនៅសង្គម បើសាលា និងផ្ទះ ឯកភាពពង្រឹងហើយឥទ្ធិពលសង្គមយ៉ាងម៉េចក៏មិនអាចប៉ះពាល់បានដែរ ព្រោះក្នុងសង្គមមានរឿងច្រើនណាស់ដែលយុវជន ជាពិសេសក្មេងៗត្រូវចាប់ថាមួយណាល្អ មួយណាអាក្រក់»។
សម្តេចធិបតីបញ្ជាក់ថា ការអប់រំរបស់ឪពុកម្តាយ និងគ្រូបង្រៀនជាការកំណត់តម្លៃក្នុងខ្លូនរបស់មនុស្ស បើមានតម្លៃច្បាស់លាស់នោះជាការងាយស្រួលក្នុងការអាចបែងចែកខុសត្រូវ។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានណែនាំឱ្យបង្កើននូវការប្រទាក់ក្រលាគ្នារវាងឪពុកម្តាយ និងសហគមន៍ ជាមួយសាលារៀន គ្រូបង្រៀន ដែលជាការជោគជ័យក្នុងការអប់រំដែលសម្តេចលើកឡើងថា«ភាពជាដៃគូ រវាងរដ្ឋ និងសហគមន៍ដើម្បីអប់រំ»៕