
អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យពិសេសអាជីវករលក់ដូរ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ ចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។
សេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេត ឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។
ដើម្បីត្រៀមទទួល អំណរឆ្នាំថ្មីប្រពៃណីជាតិដែលកាន់តែខិតចូលមកដល់ អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈសម្ភារៈប្លាស្ទិកភាគច្រើន គឺប្រើប្រាស់តែម្តង ហើយបានបោះចោល ក្នុងនោះមានដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្ងោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ប្លាស្ទិក ទាំងនោះ បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អនាម័យ បរិស្ថាន សោភ័ណភាព និងសុខភាព មនុស្ស សត្វ។ មួយវិញទៀត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ គឺជាទីគោរពសក្ការៈបូជា និងជាសម្បត្តិ បេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ការចូលរួមកាត់បន្ថយឬមិនប្រើប្រាស់ប្លាស្ទិក និង ការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការគោរពដល់ភាពជាសក្ការៈរបស់អង្គរ ចូលរួមចំណែកថែរក្សា និងលើកតម្លៃ ដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិ៕