ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងបរិស្ថានកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។

លោក អ៊ាង សុផល្លែត ថ្លែងដូចនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឱ្យដឹងថា ការវិនិយោគបៃតង គឺជាការវិនិយោគដែលមានផលចំណេញទាំងសងខាង គឺភាគីអ្នកវិនិយោគជប៉ុននឹងទទួលបានប្រាក់ចំណេញក្នុងការវិនិយោគរបស់ខ្លួន ចំណែកកម្ពុជាវិញក៏ទទួលបានផលចំណេញដល់បរិស្ថាន តាមរយៈកែច្នៃសំភារៈប្រើប្រាស់ជំនួសថង់ប្លាស្ទិក ដោយផលិតផលធម្មជាតិដែលមានស្រាប់ក្នុងតំបន់ ហើយការកែច្នៃធនធានដែលមានស្រាប់ក្នុងតំបន់នេះ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាឱ្យទទួលបានប្រាក់ចំណូលបន្ថែម ក្រៅពីចូលព្រៃបាញ់សត្វ និងកាប់ឈើ។

លោកបញ្ជាក់ថា ការវិនិយោគដែលជួយឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ ឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងផ្អែកតែលើរបរចូលព្រៃ ហើយបែរមកដាំដុះដំណាំហូបផ្លែរួមផ្សំបន្ថែម ការដាំស្តារព្រៃឈើ ថែរក្សាការពារសត្វព្រៃសម្រាប់ទេសចរទស្សនា និងផ្តល់សេវាកម្មទេសចរណ៍តាមរមណីយដ្ឋានសហគមន៍ទេសចរណ៍ គឺជាឥរិយាបថវិជ្ជមាន និងមាននិរន្តភាពក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ហើយក៏ជាវត្ថុបំណងដ៏ចម្បងរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា ការជំរុញ និងបង្កភាពងាយស្រួលដល់ការវិនិយោគបៃតង ជាមួយដៃគូវិនិយោគ ដូចជាប្រទេសជប៉ុន និងប្រទេសនានាដែលជាដៃគូវិនិយោគជាច្រើនទៀត គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស និងការបើកឱកាសជូនដល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក ឆ្លើយតបនឹងការអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក