ស្ថិតក្នុងភាពចម្រូងចម្រាស់ អាល្លឺម៉ង់បើកច្បាប់ឱ្យប្រជាជនអាចប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត
អាល្លឺម៉ង់៖ នៅថ្ងៃទី០១ ខែមេសានេះ អាល្លឺម៉ង់បានក្លាយទៅជាប្រទេសធំក្នុងសហភាពអឺរ៉ុបដំបូងគេដែលមានគោលបំណងចង់ឱ្យការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តក្លាយទៅជារឿងស្របច្បាប់ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីអ្នកនយោបាយដែលមាននិន្នាការប្រឆាំង និងសមាគមវេជ្ជសាស្ត្រក្នុងប្រទេសយ៉ាងណាក៏ដោយ។
នៅក្នុងជំហានដំបូងនៃច្បាប់ដែលពោរពេញដោយភាពចម្រូងចម្រាស់នេះ នឹងអនុញ្ញាតឱ្យមនុស្សពេញវ័យដែលមានអាយុ១៨ឆ្នាំឡើងទៅ អាចយកតាមខ្លួននូវកញ្ឆាក្រៀមចំនួន ២៥ក្រាម និងអាចដាំដុះកញ្ឆាបានចំនួន ៣ដើមនៅតាមផ្ទះនីមួយៗ។ ការអនុម័តច្បាប់នេះធ្វើឱ្យអាល្លឺម៉ង់ក្លាយទៅជាប្រទេសដែលអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាស្របច្បាប់បានបន្ទាប់ពីប្រទេសម៉ាល់តា និងលុចសំបួ ដែលបានអនុម័តច្បាប់ស្រដៀងគ្នានេះកាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣។
ដោយឡែក ហូឡង់ដែលជាអ្នកជិតខាងនឹងអាល្លឺម៉ង់ឯណោះវិញ ត្រូវបានគេសង្កេតឃើញថាកាន់តែបានចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រឆាំងនឹងទេសចរណ៍កញ្ឆាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។ គួរបញ្ជាក់ថា ក្រោយពេលដែលច្បាប់នេះចូលជាធរមាននៅកណ្ដាលអធ្រាតឈានចូលថ្ងៃទី០១ ខែមេសានេះ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាអបអរសាទរនៅទីតាំងក្លោងទ្វារ Brandenbrug ដ៏ល្បីល្បាញ ក្នុងទីក្រុងប៊ែកឡាំង ដែលភាគច្រើនបានថ្លែងថានេះគឺជាបន្ថែមសេរីភាពមួយចំនួនទៀតពីសំណាក់រដ្ឋាភិបាល។
ក្នុងជំហានបន្ទាប់នៃកំណែទម្រង់ច្បាប់នេះ ពោលគឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ គេទំនងជានឹងអាចឃើញនូវការបើកដំណើរការ "ក្លិបកញ្ឆា" ស្របច្បាប់នៅក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ក្លិបអ្នកប្រើប្រាស់កញ្ឆានីមួយៗដែលត្រូវបានគ្រប់គ្រងដោយរដ្ឋ នឹងអាចមានសមាជិកបានរហូតដល់ ៥០០នាក់តាមក្លិបនីមួយៗ ហើយក្លិបនេះនឹងអាចចែកចាយកញ្ឆាទៅកាន់សមាជិករបស់ខ្លួនរហូតដល់ ៥០ក្រាមក្នុងមនុស្សម្នាក់ជារៀងរាល់ខែ៕