សម្តេច ម៉ែន សំអន៖ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍជាតិ
កំពត៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងថា បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍជាតិ។
សម្តេច ម៉ែន សំអន លើកឡើងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលកាការងារ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅសាលសន្និសីទបូកគោ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
ស្ថិតក្នុងសាលាខេត្តកំពត។
សម្តេចកិត្តិសង្គហបណ្ឌិត បានឱ្យដឹងថា បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពត បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេស ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍខេត្តកំពត រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។
សម្តេចកិត្តិសង្គហបណ្ឌិតបានសំណូមពរ អាជ្ញាធរខេត្ត និងអង្គភាពនានាបន្តការគាំទ្រ សហការណ៍ និងបង្កលក្ខណៈដល់ថ្នាក់ដឹកនាំនារី ព្រមទាំងសមាជិកាទាំងអស់អាចបំពេញភារកិច្ចក្នុងក្របខ័ណ្ឌសមាគមបានល្អ ដោយត្រូវផ្តោតការយកចិត្តទុកដាក់លើការងារស្នូលមួយចំនួន។
ការងារស្នូលដែលសម្តេច ម៉េន សំអន បានលើកឡើងរួមមាន អនុវត្តឱ្យបាននូវទិសដៅការងារ របស់សមាគមនារី និងគណៈចលនាស្ត្រី តាមរយៈការពង្រឹង ពង្រីកសមាជិកភាព ពង្រឹងរបៀបរបបធ្វើការងារ និងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពទស្សនៈ គោលជំហរនយោបាយ សតិអារម្មណ៍ឲ្យកាន់តែរឹងមាំ
ក្នុងនោះសម្តេចស្នើឱ្យរក្សារបៀបរាយការណ៍ជាប្រចាំ ពង្រឹងនិងបង្កើនប្រសិទ្ធភាពដឹកនាំកិច្ចសហការល្អ ជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈចលនាមហាជន ក្រុមចលនាស្ត្រី និងពង្រឹង ពង្រីកទំនាក់ទំនងល្អជាមួយសប្បុរសជន អង្គការសមាគមដែលធ្វើសកម្មភាពនៅក្នុងខេត្ត និងផ្នែកពាក់ពន្ធ័ទាំងអស់។
ជាមួយគ្នានេះ ក៏ត្រូវស្មោះត្រង់ និងរក្សាទំនាក់ទំនងនិងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ តាមរយៈការចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី ដើម្បីអប់រំ ផ្សព្វផ្សាយ បំពាក់បំប៉ន ពង្រឹងសតិអារម្មណ៍ ចិញ្ចឹមចលនា ក្តាប់ឲ្យបានជាប់នូវតម្រូវការ របស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលានូវតម្រូវការចាំបាច់របស់គាត់។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏សំណូមពរឱ្យ ពង្រឹងសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេស ការផ្ដល់តម្លៃដល់ស្ត្រី និងការថែរក្សា ការពារកិត្តិយស្ត្រី និងរួមចំណែកទប់ស្កាត់អំពើពាលាអាវ៉ាសែ អំពើហឹង្សា ការរំលោភ ការសេពគ្រឿងញៀន គ្រឿងស្រវឹងផងដែរ៕