ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបាន និងកំពុងសហការជាមួយសមត្ថកិច្ចស្រាវជ្រាវមុខអ្នកបង្កើតរូបភាព «ស្ត្រីម្នាក់ជាន់ព្រះកេះព្រះ»នៅប្រាសាទអង្គរវត្តឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
កិច្ចការស្រាវជ្រាវនេះធ្វើឡើងក្រោយពីមានគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះថា «ការពិត-Fact» បង្ហោះរូបភាពកាត់តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
អាជ្ញាធរជាតិអប្សរាចាត់ទុករូបភាពដែលកាត់តនេះបង្ហាញពីការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ខ្លួន ហើយបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង៕