រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរចំពោះសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងលិខិតចុះហត្ថលេខានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងការកោតសរសើរដោយសុទ្ធចិត្តបំផុតជូនចំពោះសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ដែលតាំងពីអតីតកាលរហូតបច្ចុប្បន្ន តែងតែបានបូជាកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងការធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវរាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ជាពិសេសបន្តធានាការពារសន្តិភាព ស្ថិរភាពសង្គមជាតិ និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្រ្តី៕