
អ្នកនាំពាក្យយុត្តិធម៌៖ នាពេលអនាគត កំណត់ហេតុសម្របសម្រួលនៅអាជ្ញាធរមូលដ្ឋានអាចមានអានុភាពដូចសាលក្រមស្ថាពររបស់តុលាការ
រាជធានីភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃមហាសន្និបាតបូកសរុបការងារវិស័យយុត្តិធម៌ ឆ្នាំ២០២៣ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា យន្តការថ្មីមួយដែលទើបនឹងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយវិវាទដោយពុំចាំបាច់ឆ្លងកាត់ស្ថាប័នតុលាការ ពោលគឺដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោក ជិន ម៉ាលីន ថ្លែងថា រាល់ដំណោះស្រាយដែលចេញដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងមានតម្លៃស្មើនឹងសាលក្រមស្ថាពរដែលមានអានុភាពអនុវត្តតាមផ្លូវច្បាប់ ផ្ទុយពីការសម្របសម្រួលដោយយន្តការផ្សេងៗកន្លងមកដែលភាគីអាចកែប្រែ និងផ្លាស់ប្តូរ ឬមិនអនុវត្តតាមសេចក្ដីសម្រេចនេះនាពេលក្រោយ។
ថ្លែងពាក់ព័ន្ធនឹងយន្តការថ្មីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាសសរស្ដម្ភមួយក្នុងកំណែទម្រង់វិស័យយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា "អ.ដ.ក" ទើបតែត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ ក្នុងគោលដៅសម្របសម្រួល និងដោះស្រាយវិវាទជូនប្រជាពលរដ្ឋដែលមានបំណងចង់ស្វែងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។ លោកបន្តថា បច្ចុប្បន្ននេះ អ.ដ.ក ទើបជ្រើសរើសបានមន្រ្តីរបស់ខ្លួនចំនួន ៩០ នាក់ប៉ុណ្ណោះ ហើយត្រៀមនឹងផ្តល់នីតិសម្បទាពេញលេញនាពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយវិវាទដែលប្រជាពលរដ្ឋបានដាក់មកកាន់ក្រុមការងាររបស់អាជ្ញាធរ។
អ្នកនាំពាក្យខាងលើថ្លែងថា៖ "បច្ចុប្បន្ននេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានគោលការណ៍ទទួលដោះស្រាយតែសំណុំរឿងដែលដាក់ចូលផ្ទាល់នៅទីស្នាក់ការរបស់អាជ្ញាធរប៉ុណ្ណោះ ព្រមទាំងមានការពិភាក្សា និងពិគ្រោះយោបល់តាមរយៈលេខទូរសព្ទ និងបណ្ដាញ Telegram របស់ អ.ដ.ក ផ្ទាល់។ ប៉ុន្តែនាពេលអនាគត អាជ្ញាធរជាតិនេះអាចនឹងមានការសហការជាមួយមូលដ្ឋានថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើការសម្របសម្រួលនៅត្រឹមថ្នាក់ឃុំ-សង្កាត់ ឬស្រុក-ក្រុង-ខណ្ឌ ឬនៅថ្នាក់រាជធានី-ខេត្ត រួចនាំយកកំណត់ហេតុសម្របសម្រួលនេះមកជូនអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយប្រសិនបើកំណត់ហេតុនេះមានភាពត្រឹមត្រូវ អាជ្ញាធរជាតិនឹងបោះត្រាលើកំណត់ហេតុនេះ (ដែលមានអានុភាពដូចសាលក្រមស្ថាពរ) តែម្តង"៕