ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែមីនានេះថា រដ្ឋាភិបាលថៃកំពុងពិចារណាលើសេចក្ដីព្រាងច្បាប់កាស៊ីណូ ដែលលោកយល់ថាប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយសភា វានឹងអាចជួយបង្កើតការងារបន្ថែម និងផ្តល់ប្រាក់ចំណូលជូនរដ្ឋកាន់តែច្រើន និងកាន់តែជម្រុញដល់វិស័យកម្សាន្តកាន់តែធំបន្ថែមទៀតក្នុងប្រទេស។
គួរឱ្យដឹងថា អាជីវកម្មកាស៊ីណូត្រូវរដ្ឋាភិបាលចាត់ទុកថាជាអាជីវកម្មខុសច្បាប់ ហើយល្បែងស៊ីសងដែលរដ្ឋចាត់ទុកថាស្របច្បាប់គឺមានតែការប្រណាំងសេះ និងឆ្នោតដែលគ្រប់គ្រងដោយរដ្ឋ ខណៈល្បែងស៊ីសងផ្សេងទៀតដូចជាការភ្នាល់បាល់ ឬកាស៊ីណូក្រោមដីលួចលាក់ជាដើម សុទ្ធតែជាល្បែងខុសច្បាប់។ យ៉ាងណាមិញ ថ្មីៗនេះថៃកំពុងពិចារណាអនុញ្ញាតឱ្យមានការបើកអាជីវកម្មកាស៊ីណូស្របច្បាប់ ដើម្បីជាមធ្យោបាយមួយផ្សេងទៀតសម្រាប់ការទាក់ទាញការវិនិយោគ និងទេសចរណ៍។
អ្នកពាក់ព័ន្ធនឹងវិស័យនេះសុទ្ធតែបង្ហាញជំនឿចិត្តថា ទីផ្សារកាស៊ីណូស្របច្បាប់ក្នុងប្រទេសថៃនឹងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកពីបរទេស ហើយអាចនឹងក្លាយជាគូប្រជែងនឹងទីតាំងល្បែងកាស៊ីណូធំៗផ្សេងទៀតលើពិភពលោកដូចជានៅម៉ាកាវជាដើម ដែលជាទីតាំងតែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋចិនអាចលេងល្បែងស៊ីសងបានដោយស្របច្បាប់។ នាយករដ្ឋមន្រ្តីថៃបានបង្ហោះសារនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ «យើងអាចគ្រប់គ្រងសេដ្ឋកិច្ចវិស័យនេះ និងអាចប្រមូលពន្ធជូនរដ្ឋបាន។ យើងមិនចង់លើកកម្ពស់ការលេងល្បែងស៊ីសងនោះទេ ប៉ុន្តែរដ្ឋាភិបាលចង់គ្រប់គ្រង និងប្រើប្រាស់ការវិនិយោគលើវិស័យនេះដើម្បីបង្កើតឱកាសការងារ»។
គួរបញ្ជាក់ថា កន្លងមកការស្នើឱ្យមានការបើកកន្លែងលេងល្បែងស៊ីសងស្របច្បាប់ធ្លាប់ត្រូវបានលើកយកមកពិភាក្សាផងដែរ ប៉ុន្តែពុំទទួលបានការអនុម័តពីសភាឡើយ។ ទោះជាបែបនេះក្ដីក៏ប្រទេសថៃនៅតែមានលួចលាក់បើកកន្លែងលេងល្បែង (កាស៊ីណូ) នៅក្រោមដី ខណៈប្រជាជនថៃមួយចំនួនបានចាយលុយដើម្បីឆ្លងដែនចូលមកចំណាយលុយលើកាស៊ីណូនៅក្នុងប្រទេសកម្ពុជាផងដែរ៕