ក្រិក៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis ហាក់បង្ហាញពីភាពគ្មានទំនុកចិត្តចំពោះការបោះឆ្នោតរបស់ខ្លួន ជាពិសេសគឺពាក់ព័ន្ធនឹងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់រថភ្លើងកាលពីឆ្នាំមុន ដែលបានបណ្ដាលឱ្យមនុស្ស ៥៧នាក់បាត់បង់ជីវិត។ ទន្ទឹមនឹងនេះដែរ គណបក្សប្រឆាំងឆ្វេងនិយមបានដាក់ចេញនូវញត្តិប្រឆាំងនឹងរដ្ឋាភិបាលអភិរក្សនិយមក្នុងសប្តាហ៍នេះ ដោយចោទប្រកាន់ថារដ្ឋាភិបាល “កំពុងព្យាយាមលាក់បាំងការពិត” បន្ទាប់ពីមានហេតុការណ៍រថភ្លើងដឹកទំនិញមួយខ្សែបានបុកគ្នាជាមួយរថភ្លើងដឹកអ្នកដំណើរមួយខ្សែផ្សេងទៀតនៅកណ្តាលប្រទេសក្រិក ដែលជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
យ៉ាងណាក្ដី រដ្ឋាភិបាលក៏ធ្លាប់បដិសេធរួចហើយថាហេតុការណ៍នេះពុំមែនជាកំហុស ឬការលាក់បាំងណាមួយឡើយ ក៏ប៉ុន្តែចម្លើយនេះនៅតែមិនអាចរម្ងាប់ការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់ពីភាពកម្សោយ និងការគ្រប់គ្រងបែបធ្វេសប្រហែសពីសំណាក់អាជ្ញាធររាប់សិបឆ្នាំកន្លងមកហើយ។ លោក Nikos Androulakis ប្រធានគណបក្សឆ្វេងនិយម PASOK បានប្រាប់ថ្លែងនៅមុខសភាក្រិកថា៖ "មិនខុសពីពលរដ្ឋក្រិកគ្រប់រូបឡើយ ពួកយើងចង់ដឹងការពិត"។ បច្ចុប្បន្ននេះ ការស៊ើបអង្កេតរបស់តុលាការនៅតែកំពុងបន្តដំណើរការ ដែលគេរំពឹងថាលទ្ធផលអាចនឹងបញ្ជាក់នៅប៉ុន្មានខែខាងមុខ ខណៈមនុស្សរាប់សិបនាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះ ក្នុងនោះប្រធានស្ថានីយ៍រថភ្លើងម្នាក់កំពុងស្ថិតក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំការកាត់ក្ដីរបស់តុលាការ។
តាមរយៈសំឡេងដែលបែកធ្លាយលើលើប្រព័ន្ធផ្សព្វផ្សាយប៉ុន្មានម៉ោងក្រោយឧប្បត្តិហេតុនេះបានបង្ហាញថា ប្រធានស្ថានីយ៍រថភ្លើង រួមជាមួយអ្នកបើកបរបានព្យាយាមទម្លាក់កំហុសទៅលើការធ្វេសប្រហែសការងាររបស់បុគ្គលិក ដើម្បីចៀសវាងការពាក់ព័ន្ធដល់បញ្ហាបច្ចេកទេសគ្រប់គ្រងផ្លូវដែក។ ដោយឡែក បើតាមទិន្នន័យពីក្រុមអ្នកស៊ើបអង្កេតដែលជួលដោយសាច់ញាតិគ្រួសារជនរងគ្រោះផ្ទាល់បានបង្ហាញថា វាជាកំហុសបច្ចេកទេសនៃការគ្រប់គ្រងផ្លូវដែកតែម្តង ដោយមានការបំផ្លាញភស្តុតាងនៅកន្លែងកើតហេតុផងដែរ។
ក្រោយមកក្រុមសាច់ញាតិជនរងគ្រោះ បានចាប់ផ្តើមញត្តិដើម្បីកែប្រែច្បាប់ដែលមានវ័យចំណាស់ជាងមួយសតវត្សរ៍ដែលការពារអ្នកនយោបាយពីការចោទប្រកាន់ព្រហ្មទណ្ឌនានា ដោយបច្ចុប្បន្នគេប្រមូលបានស្នាមមេដៃប្រមាណ ១,៣លានដែលគាំទ្រញ្ញត្តិនេះ។ យ៉ាងណាមិញ គណបក្សរបស់នាយករដ្ឋមន្រ្តីកាន់អំណាច លោក Kyriakos Mitsotakis ព្រមទាំងរដ្ឋមន្រ្តីយុត្តិធម៌ក្រិកបានលើកឡើងថា យុទ្ធនាការខាងលើនេះគ្រាន់តែជាការព្យាយាមកេងចំណេញផ្នែកនយោបាយរបស់គណបក្សប្រឆាំងប៉ុណ្ណោះ៕