ជប៉ុន៖ ក្រុមហ៊ុនផលិតឱសថរបស់ជប៉ុនមួយដែលផលិតនូវអាហារបំប៉នសុខភាពមួយប្រភេទ បាននឹងកំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីមានមនុស្សស្លាប់ ២នាក់បន្ថែមនៅថ្ងៃម្សិលមិញ ដែលបណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបមានចំនួន ៤នាក់ ដែលគេសង្ស័យថាអាចនឹងពាក់ព័ន្ធជាមួយការប្រើប្រាស់អាហារបំប៉នសុខភាពនេះ។
គួរឱ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បានធ្វើការប្រមូលយកអាហារបំប៉នរបស់ខ្លួនចំនួន ៣ប្រភេទចេញពីលើទីផ្សារ ដែលក្នុងនោះរួមមានអាហារបំប៉នដែលគេអះអាងថាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយកូឡេស្តេរ៉ូលម៉ាក "Beni Koji Choleste Help" រួមនឹងអាហារបំប៉នចំនួន ២ប្រភេទផ្សេងទៀត។
សេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤នាក់ និងជាង ១០០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើតាមប្រភពពីក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយមូលហេតុសង្ស័យថាបណ្ដាលមកពីការប្រើប្រាស់ផលិតរបស់ក្រុមហ៊ុននេះ មានម្នាក់ស្លាប់ដោយសារបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Osaka ខាងលើនេះក៏បានបញ្ជាក់ថា ខ្លួនបានផ្គត់ផ្គង់ផលិតផលជាអង្ករក្រហមទៅកាន់ក្រុមហ៊ុនចំនួនជាង ៥០ នៅទូទាំងប្រទេសជប៉ុន និងក្រុមហ៊ុនចំនួន ២ ទៀតនៅកោះតៃវ៉ាន់។ សូមបញ្ជាក់ថា ក្រុមហ៊ុន Kobayashi Pharmaceutical គឺជាក្រុមហ៊ុនមានលក់ផលិតផលសុខភាពជាច្រើនប្រភេទ និងមានការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម និងទូរទស្សន៍របស់ជប៉ុន៕