ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមាគមសារព័ត៌មាន១ត្រូវបានបង្កើតដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច

ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌។

លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពជា ដែលទើបទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានថ្លែងថា សមាគមនេះផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ សក្តានុពលវិនិយោគ ទេសចរណ៍ និងអចលនទ្រព្យជាដើម។ល។

លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វាជាការចាំបាច់ណាស់ ក្នុងរួមគ្នាជាក្រុម ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាអោយស្រមតាមគោលនយោបាយអភិវឌ្ឍសដ្ឋកិច្ចជាតិ ឆ្នាំ២០៣០ប្រែក្លាយជាប្រទេស មានចំណូលធម្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។

លោកកៃ គឹមសុង ជាស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានឌីជីថល Amazadia Education (AE) ជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានបន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងកង្វះខាតព័ត៌មានសេដ្ឋកិច្ច សម្រាប់វិនិយោគិនបរទេស ដែលចង់ស្វែងរកការដាក់ទន់វិនិយោគ ក្នុងប្រទេសមួយ ដែលមានច្បាប់វិនិយោគល្អនិងមានការទាក់ទាញ។

លោកកៃ គីមសុងបានថ្លែងថា៖ «ខ្ញុំគិតថា នៅពេលដែលយើងផ្សព្វផ្សាយ ពីសក្តានុពលរបស់ប្រទេសយើង អោយបានកាន់តែច្រើន នោះវិនិយោគិនបរទេស នឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំង»។

ស្ថាបនិកសមាគមផ្សេងទៀត រូមមាន លោកលីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asian Properties លោកសយ សុភា និពន្ឋនាយកសារព័ត៌មានដើមអំពិល លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មានCEN លោកផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មានCCTIMES លោកស្រីហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោកអ៊ុំ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN ជាដើម បានយល់ស្របគ្នាថា មកដល់ឆ្នាំ២០២៤នេះ សារព័ត៌មានក្នុងស្រុកភាគច្រើនបាននិងកំពុងផ្តោត លើកត្តាសុខសន្តិភាព នយោបាយ និងសង្គម។ ប៉ុន្តែសមាគមនេះ ត្រូវបំពេញបន្ថែមនូវព័ត៌មានសេដ្ឋកិច្ច គ្រប់ទម្រង់សម្រាប់អ្នកអាន។

«អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមាន ដល់ប្រជាពលរដ្ឋឲ្យបានដឹង» នេះបើតាមប្រធានសមាគម CEMEA លោក យីន លាងគង់។

លោក យិន លាងគង់ បានបន្តថា៖ «គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយលើកកំពស់មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា»។

ជាមួយគ្នានេះ លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល និងជាអនុប្រធានសមាគម CEMEA បានយល់ស្របថា សារព័ត៌មានធំៗនៅកម្ពុជា បានផ្តោតលើផ្សព្វផ្សាយ រឿងសេដ្ឋកិច្ចតិចតួចណាស់ ព្រោះអ្នកសារព័ត៌មានជំនាញខាងសេដ្ឋកិច្ចនេះ មានចំនួនតិចតួចបំផុត។ ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើង ដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ខាងសេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក