វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រុមហ៊ុនកូរ៉េធំៗចំនួន១៣ឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Samsung ក្រុមហ៊ុន LG និងបណ្តាក្រុមហ៊ុនកូរ៉េធំៗចំនួន១១ផ្សេងទៀត កំពុងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជាស្រាប់។

គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន១៣ក្រុមហ៊ុន ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ជាមួយឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី មានលើកឡើង កម្ពុជាជាប្រទេសដែលបណ្តាវិនិយោគិនគួរតែបណ្តាក់ទុនវិនិយោគខណៈកម្ពុជាជាប្រទេសមានស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ។

លោក ស៊ុន ចាន់ថុលបន្តថា ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម។

លោក ស៊ុន ចាន់ថុល បន្តថា ដើម្បីទាក់ទាញអ្នកវិនិយោគិន រាជរដ្ឋាភិបាលមានតួនាទីសម្របសម្រួលតម្លៃដឹកជញ្ជូន តម្លៃអគ្គិសនី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ក្រុមហ៊ុនចំនួន១៣ដែលកំពុងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជារួមមាម ១.ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក

២.ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតរថយន្តច្រើនប្រភេទ និងគ្រឿងបន្លាស់រថយន្តជាដើម។ ៣. ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

៤.ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ឡូជីស្ទីក, និងបច្ចេកវិទ្យានិងជីវសាស្រ្ត(Biotechnology)។

៥. ក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development)។ ៦. ក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ឧស្សាហកម្មដែក, ភស្តុភារ, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, ឧស្សាហកម្មសំណង់និងថាមពល។

៧. ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ អចលនទ្រព្យ, សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ។ ៨. ក្រុមហ៊ុន Hanshin Engineering & Construction គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ សំណង់សាងសង់។ ៩. ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ។ ១០. ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត។

១១. សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) គឺជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ។

១២. សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) គឺជាអង្គការដ៏ធំមួយសម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស។ និង១៣. ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក