ចក្រភពអង់គ្លេស រាយការណ៍ករណីស្លាប់ដោយសារកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន តាំងពីថ្ងៃទី១២ ខែមីនា
អង់គ្លេស៖ ចក្រភពអង់គ្លេសបានរាយការណ៍ករណីអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ១៧៤នាក់ នៅថ្ងៃអង្គារ ទី២៤ ខែសីហាម្សិលមិញនេះ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីថ្ងៃទី១២ ខែមីនាកន្លងទៅ។ ទន្ទឹមនឹងចំនួនអ្នកស្លាប់ខ្ពស់បំផុតនេះ អាជ្ញាធរសុខាភិបាលក៏បានបង្ហាញនូវទិន្នន័យអ្នកឆ្លងថ្មីចំនួន ៣០,៨៣៨ករណីផងដែរ។
គួរបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានដកចេញនូវបំរាមនានា ដែលជាវិធានការបង្ការកូវីដ-១៩ ស្ទើរតែទាំងស្រុង បន្ទាប់ពីទិន្នន័យចាក់វ៉ាក់សាំងលើមនុស្សពេញវ័យសរុបមានជាង ៨៨ភាគរយ ក្នុងនោះ ៧៧ភាគរយបានទទួលវ៉ាក់សាំងពីរដូសរួចរាល់ ដោយក្នុងនោះគេសង្កេតឃើញទំនាក់ទំនងសង្គម ការធ្វើដំណើរ ការបំពេញការងារទាំងឡាយ ត្រូវបានដំណើរការជាធម្មតាឡើងវិញតាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ។
បើទោះបីជាបំរាមត្រូវបានលើកលែងក្តី ប៉ុន្តែគេនៅសង្កេតឃើញប្រជាជននៅតែបន្តប្រុងប្រយ័ត្ន ដោយភាគច្រើននៅពាក់ម៉ាស់ជាប់នៅឡើយ ត្បិតទិន្នន័យអ្នកឆ្លងនៅតែបន្តកើនឡើងដដែល។ ជាក់ស្តែងចំនួនអ្នកឆ្លងថ្មី មានការកើនឡើងប្រមាណជា ១៣,៤ភាគរយ បើប្រៀបធៀបនឹងទិន្នន័យកាលពីសប្តាហ៍មុន ពោលកាលពីថ្ងៃចន្ទឯណោះ ក៏មានអ្នកឆ្លងថ្មីចំនួន ៣១,៩១៤នាក់ និងមានអ្នកស្លាប់ចំនួន ៤០ករណីផងដែរ។
បើតាមទិន្នន័យដែលទទួលបាន ចក្រភពអង់គ្លេសបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនបានប្រមាណ ៤៧,៦លាននាក់ ដែលស្មើនឹងជាង ៧២ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន៕