ហៃណាន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភរបស់សម្ដេចចំពោះការគ្រប់ដណ្ដប់នៃភូមិសាស្ត្រនយោបាយលើរបៀបវារៈសេដ្ឋកិច្ចពិភពលោកដោយថាមានការគិតតែប្រយោជន៍អាត្មានិយមដោយពុំបានគិតពីវិធានច្បាប់។
ថ្លែងក្នុងវេទិការប៊ូអាវ នាខេត្តហៃណាន ប្រទេសចិនព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថាតំបន់ជាច្រើនក្នុងពិភពលោកមិនទាន់បានធូរស្បើយពីសង្គ្រាមដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋស្លូតត្រង់ និងសេដ្ឋកិច្ច ខណៈដែលសម្ដេចថាក្នុងតំបន់អាស៊ីក៏មានចំណុចរំញោចជាច្រើនដែលធ្វើឱ្យផ្ទុះសង្គ្រាមផងដែរប្រសិនជាមេដឹកនាំនៅអាស៊ីមិនពិគ្រោះយោបល់ប្រាស្រ័យទាក់ទងគ្នាដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាទេនោះ។
សម្ដេចតេជោថា៖ «ក្ដីបារម្ភរបស់ខ្ញុំនាពេលបច្ចុប្បន្នគឺនៅក្នុងទិដ្ឋភាពនៃភូមិសាស្ត្រនយោបាយនៅតែបន្តគ្របដណ្ដប់លើរបៀបវារៈសេដ្ឋកិច្ចសាកល។ ព័ត៌មាននៃការធ្លាក់ចុះសេដ្ឋកិច្ច ឬវិបត្តិតាមវិស័យនៅក្នុងប្រទេសមួយបានក្លាយជាហេតុផលប្រកាសជ័យជម្នះសម្រាប់តំបន់ផ្សេងទៀតក្នុងពិភពលោក ការបោះឆ្នោតប្រជាធិបតេយ្យបានក្លាយជាឱកាសដើម្បីធ្វើការសន្យាជ្រុលនិយមធ្វើសកម្មភាពប្រទុសប្រឆាំងនិងជំរុញផលប្រយោជន៍អាត្មានិយមដោយមិនបានគិតគូរដល់ផលប្រយោជន៍សាកល និងសណ្ដាបធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់»។
ក្នុងស្ថានភាពពិភពលោកបែបនេះសម្ដេចតេជោបានចាត់ទុកប្រទេសចិនជាប្រទេសគំរូមួយដែលចង់ឱ្យពិភពលោករីកចម្រើនទាំងអស់គ្នាក្នុងសហគមន៍រួមវាសនាតែមួយ។ សម្ដេចបានបន្ថែមថាការចូលរួមរបស់ចិនមិនត្រឹមតែធ្វើឱ្យពិភពលោកមានការរីកចម្រើនប៉ុណ្ណោះទេ ប្រទេសនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការសម្រុះសម្រួលជម្លោះធ្វើឱ្យពិភពលោកមានស្ថេរិភាពផងដែរ៕