អ្នកជំនាញពិសេសរបស់ UN ស្ដីពីអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលថានាងរងការគំរាមកំហែងពេញមួយអាណត្តិការងារ
អន្តរជាតិ៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលបានបោះពុម្ពរបាយការណ៍លើកឡើងអំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សារបស់អ៊៊ីស្រាអែលអំឡុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បានទម្លាយប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែមីនានេះថា លោកស្រីបានទទួលរងនូវការគំរាមកំហែងជាច្រើនស្ទើរពេញមួយអាណត្តិការងាររបស់ខ្លួន។
លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ West Bank និង Gaza បានបង្ហាញរបាយការណ៍មួយដែលមានចំណងជើងថា Anatomy of a Genocide ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដែលរបាយការណ៍នេះត្រូវបានអ៊ីស្រាអែលចេញមុខបដិសេធ និងច្រានចោលទាំងស្រុង។
នៅពេលអ្នកសារព័ត៌មានសាកសួរថា អំឡុងការបំពេញការងារលើការចងក្រង និងរៀបចំរបាយការណ៍នេះធ្វើឱ្យនាងទទួលបានការគំរាមកំហែងឬអត់នោះ? លោកស្រី Albanese ថ្លែងថា៖ "ចា! ខ្ញុំពិតជាបានទទួលការគំរាមកំហែង។ ប្រាកដណាស់ថា មកដល់ពេលនេះ ខ្ញុំមិនដឹងថាត្រូវប្រុងប្រយ័ត្នលើអ្វីបន្ថែមទៀតនោះទេ។ បើនិយាយពីសម្ពាធ ក៏មិនអាចផ្លាស់ប្តូរអ្វីដែលជាការប្តេជ្ញាចិត្តសម្រាប់របាយការណ៍ការងាររបស់ខ្ញុំដែរ"។ យ៉ាងណាមិញ លោកស្រី Albanese មិនបានរៀបរាប់លម្អិតអំពីរូបភាពនៃការគំរាមកំហែងនេះឡើយ ហើយក៏មិនបានបញ្ជាក់ថាអ្នកណាជាអ្នកធ្វើដែរ។
អ៊ីស្រាអែលបានបដិសេធ និងច្រានចោលនូវរបាយការណ៍របស់លោកស្រី Albanese ដោយថ្លែងថា លោកស្រីកំពុងធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃការបង្កើត និងអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល។ Albanese ថ្លែងថា ការរកឃើញដ៏សំខាន់មួយក្នុងរបាយការណ៍របស់នាងគឺថ្នាក់ដឹកនាំ និងយោធាអ៊ីស្រាអែល មានចេតនាប៉ុនប៉ងធ្វើអំពើហឹង្សាប្រល័យពូជសាសន៍ស្របច្បាប់លើប្រជាជនប៉ាឡេស្ទីន។
សូមបញ្ជាក់ថា លោកស្រី Francesca Albanese ជាមេធាវី និងជាអ្នកស្រាវជ្រាវជនជាតិអ៊ីតាលី គឺជាអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យម្នាក់ក្នុងចំណោមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរាប់សិបនាក់ ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍អំពីប្រធានបទជាក់លាក់ និងវិបត្តិប្រឈមនានារបស់ពិភពលោក។ យ៉ាងណាមិញ រាល់របាយការណ៍ដែលបង្ហាញដោយអ្នករាយការណ៍ពិសេសទាំងអស់នោះ តែងត្រូវបានបញ្ជាក់ច្បាស់ៗថាជាទស្សនៈរបស់អ្នករាយការណ៍ពិសេស ពុំបានឆ្លុះបញ្ចាំងពីទស្សនៈនៃស្ថាប័នអង្គការសហប្រជាជាតិផ្ទាល់នោះទេ៕