
ក្រុមប្រតិភូកីឡាករពិការកម្ពុជា បង្ហាញវត្តមានកិត្តិយសជាតិក្នុងពិធីបើក ប៉ារ៉ាឡាំពិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
ជប៉ុន: ក្រុមប្រតិភូ និងកីឡាករពិការកម្ពុជាបានចូលរួមពិធីបើកប៉ារ៉ាឡាំពិក (Tokyo 2020 Paralympic Games) ទីក្រុងតូក្យូ ក្នុងប្រទេសជប៉ុន កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបានដង្ហែក្បួនកាន់ទង់ជាតិកម្ពុជា និងបានបង្ហាញកិត្តិយសជាតិ នៅក្នុងពិធីបើកដ៏អធិកអធម នៃការប្រកួតកម្រិតខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង។
នៅលើរទេះរបស់កីឡាករជម្រើសជាតិពិការកម្ពុជា វ៉ាន វ៉ុន មានដងទងជាតិកម្ពុជា និងនៅលើដៃរបស់នាយបេសកកម្ម លោក យី សុភ័ក្ត្រា ក៏បានកាន់ទង់ជាតិក្រវីបក់ជាមួយនឹងក្តីរីករាយ ក្នុងការបង្ហាញពីការចូលរួមរបស់វិស័យកីឡាជនពិការព្រះរាជាណាចក្រកម្ពុជា នៅក្នុងចំណោមប្រទេសនានាលើពិភពលោក និងម្ចាស់ផ្ទះជប៉ុន។ ក្រុមប្រតិភូ និងកីឡាករដែលមានពីររូបក្នុងព្រឹត្តិការណ៍នេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានលើកឡើងនៅលើផេកផ្លូវការរបស់ខ្លួនថា «វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ (កម្រិតពិការភាព T-54) ហើយខ្ញុំរីករាយ ដែលបានឃើញអត្តពលិក ដែលមានទំនាក់ទំនងជាមួយជប៉ុននឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ២០២០។ ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ ដែលគេប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តង នៅទីក្រុងដដែលដូចនឹងកីឡាអូឡាំពិកដែរ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ដែរថា បើទោះបីជាកីឡាជនពិការកម្ពុជាត្រូវបានបញ្ជូនកីឡាករតែម្នាក់ចូលរួមប្រកួត ក្រោមការដឹកនាំដោយនាយបេសកកម្មម្នាក់ លោក យី សុភ័ក្ត្រា ក៏នេះគឺជាការបង្ហាញនូវការខិតខំប្រឹងប្រែង ដើម្បីចូលរួមគាំទ្រដល់ម្ចាស់ផ្ទះជប៉ុនរបស់កម្ពុជា និងបង្ហាញពីការចូលរួមកសាងមិត្តភាព សាមគ្គីភាពជាមួយបណ្តាប្រទេសនានា នៅក្នុងការប្រកួតដ៏ធំនេះផងដែរ៕
ប្រភព ៖ AKP