ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន មានបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មនៅកម្ពុជានាពេលកន្លងមក។

ប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

បន្ថែមលើនេះ លោកក៏បានជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និងប្រកបអាជីវកម្មលើវិស័យជាច្រើន រួមមាន ដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។

លោកក៏បានគោរពស្នើសុំការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយនៃការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

ជាការឆ្លើយតប សម្តេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្មដែលបានបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ដែលនេះបង្ហាញពីការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន និងជាក់ស្តែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។

សម្តេចធិបតីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងតែដាក់ចេញនូវគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និង ការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាបាននូវធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។

ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រដល់ដំណើរការវិនិយោគនៅក្នុងកម្ពុជា។

សម្ដេចធិបតី បន្ថែមទៀតថា នាពេលបច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ ក្នុងការវិនិយោគទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាសយានដ្ឋានអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក