ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ប្រទេសជាតិខ្លាំង ទាល់តែប្រជាជនខ្លាំង ដោយកត្តាដែលធ្វើឱ្យប្រជាជនមានភាពខ្លាំងនោះគឺ ការអប់រំ និងសុខភាព។
ថ្លែងក្នុងឱកាសបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក កើត រិទ្ធ បញ្ជាក់ថា៖«វិស័យអប់រំ និងសុខាភិបាល ដោយបង្វែរការយកចិត្តទុកដាក់ និងវិនិយោគទៅកាន់មូលដ្ឋានលើការអប់រំនៅសាលាបឋមសិក្សា វិទ្យាល័យ មន្ទីរពេទ្យក៏ផ្តោតលើមូលដា្ឋនផងដែរ ហើយនេះន័យនយោបាយយើងអាចនិយាយបានថា «ប្រទេសជាតិខ្លាំង ទាល់តែប្រជាជនខ្លាំង» បើប្រជាជនខ្លាំងមានតែ២នោះទេដែលយើងត្រូវគិត ទី១អប់រំ ទី២សុខភាព»។
លោក កើត រិទ្ធ បានឱ្យដឹងទៀតថា យុទ្ធសាស្រ្តបញ្ចកោណគឺមិនប្រើពាក្យធនធានមនុស្សនោះទេ គឺប្រើពាក្យមូលធនមនុស្ស ដោយក្រៅពីមានចំណេះដឹង អ្វីដែលត្រូវលារបន្ថែមនោះគឺមានសុខភាពល្អ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បញ្ជាក់ថា ទិសដៅអាទិភាពទាំងពីរខាងលើនេះ គឺជាការកសាងកម្លាំងជាតិ ប៉ុន្តែការកសាងត្រូវការពេលវេលា និងបោះជំហានទៅលើទិសដៅទាំងនោះ៕