កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

រដ្ឋមន្ត្រីយុត្តិធម៌ និងប្រធានតុលាការប្ដេជ្ញាស្ដារកេរ្តិ៍ឈ្មោះវិស័យយុត្តិធម៌ឡើងវិញ

ភ្នំពេញ៖ អគ្គព្រះរាជអាជ្ញាតុលាការកំពូល ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីយុត្តិធម៌ ប្ដេជ្ញារួមគ្នាក្នុងការស្ដារកេរ្តិ៍ឈ្មោះវិស័យយុត្តិធម៌ឡើងវិញ ឆ្លើយតបនឹងសាធារណៈមតិលើចំណុចអវិជ្ជមាននៃប្រព័ន្ធនេះនៅកម្ពុជា។

អ្នកទាំង៣បានលើកឡើងរួមគ្នាក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងលើកទិសដៅការងារអាទិភាពឆ្នាំ២០២៤ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងមហាសន្និបាតលើកដំបូងក្នុងប្រវត្តិសាស្ត្រព្រះរាជាណាចក្រកម្ពុជាដែលតំណាងអង្គនីតិប្រតិបត្តិ និងតុលាការចូលប្រជុំរួមគ្នានេះ អគ្គព្រះរាជអាជ្ញាតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោកស្រី ជា លាង បានទទួលស្គាល់នូវបញ្ហាអសកម្មមួយចំនួនរបស់ចៅក្រម និងបានកត់សម្គាល់នូវចំណុចខ្វះចន្លោះមួយចំនួនដែលមានដូចជា ការចោទប្រកាន់រឿងរដ្ឋប្បវេណីទៅជារឿងព្រហ្មទណ្ឌ ការបញ្ជូនសាលដីកា និងសាលក្រមយឺតយ៉ាវ បញ្ហាមិនចុះទៅពិនិត្យតាមពន្ធនាគារ និងការបន្ដូរបន្ថយទោសដល់ជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនជាដើម។

លោកស្រីថា៖ «ក្នុងនាមអគ្គព្រះរាជអាជ្ញានិងជាប្រធានក្រុមប្រឹក្សាវិន័យក្នុងមុខការងារដាក់ពិន័យចំពោះព្រះរាជអាជ្ញាខ្ញុំនឹងយកទំនួលខុសត្រូវ និងភាពជាម្ចាស់ការលើការងារនេះធ្វើការត្រួតពិនិត្យវាយតម្លៃ និងដាក់ពិន័យតាមរយៈពាក្យបណ្ដឹងលើព្រះរាជអាជ្ញាដែលអនុវត្តន៍មុខងាររបស់ខ្លួនមានកំហុសវិជ្ជាជីវៈ និងឬក៏បំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈជាចៅក្រមព្រះរាជអាជ្ញាដោយបានបង្កនូវអយុត្តិធម៌សង្គមបង្កការឈឺចាប់ដ៏ធំធេងដល់អ្នកពាក់ព័ន្ធក្នុងសំណុំរឿងក្ដី»។

លោកស្រីបញ្ជាក់ថាការអនុវត្តន៍នេះមានគោលដៅតែមួយគត់គឺធានាថាចៅក្រមប្ដេជ្ញាចិត្តរួមគ្នាពង្រឹងលើកកម្ពស់គុណភាព ប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ជាពិសេសគឺ «ការស្ដារមុខមាត់ និងកេរ្តិ៍ឈ្មោះវិស័យយុត្តិធម៌» ឡើងវិញ។

ប្រធានតុលាការកំពូលលោក ជីវ កេង បានថ្លែងឱ្យប្រធានសាលាជម្រះក្ដីទាំងអស់ឱ្យពិនិត្យពីភាពអសកម្ម និងខ្វះចន្លោះនៅតាមសាលាជម្រះក្ដីទាំងអស់ឡើងវិញ ដោយថាចាប់ពីពេលនេះតទៅការដាក់ពិន្ទុដើម្បីតំឡើងឋានៈចៅក្រមគឺត្រូវកំណត់លើលក្ខណៈវិនិច្ឆ័យដែលមានស្ដង់ដារនិងគ្មានការយោគយល់ទៀតនោះទេ។

លោកថា៖ «ក្រុមប្រឹក្សាវិន័យគឺមិនយល់យោគនោះទេ! ឯកឧត្តមដែលជាសមាជិកក្រុមប្រឹក្សាវិន័យនៅទីនេះគឺប្រាកដជានឹងយកចិត្តទុកដាក់ដាក់វិន័យឱ្យបានសមស្របតាមកំហុសដើម្បីលុបលាងភាពសៅហ្មងមិនល្អក្នុងអង្គចៅក្រម។ ពីព្រោះពាក្យស្លោកថាត្រីមួយកន្ត្រកស្អុយមួយគឺស្អុយទាំងអស់! ប៉ុន្ដែបើយើងលាងសម្អាតត្រីដែលស្អុយនេះ ត្រីដទៃនៅតែជាត្រីល្អដដែល ដូច្នេះចៅក្រមទាំងអស់នៅតែរក្សាបានកេរ្តិ៍ឈ្មោះរបស់យើង»។ ​

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ មានប្រសាសន៍ថាមហាសន្និបាតលើកដំបូងរវាងក្រសួងយុត្តិធម៌ និងតុលាការនៅពេលនេះគឺជាឱកាសដើម្បីជជែកគ្នាត្រង់ទៅត្រង់មក ក្ដោបឱ្យជាប់នូវគោលនយោបាយ និងទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបញ្ហាប្រឈមសំខាន់ៗនៃវិស័យយុត្តិធម៌ ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ ធ្វើឱ្យទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងអ្នកវិនិយោគ។

លោកថា៖ «​វិធីរបស់យើងគឺសាមញ្ញទេ! គឺត្រូវពង្រឹងនូវវិន័យ។ ឆ្លៀតឱកាសនេះខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមប្រធានតុលាការកំពូល លោកជំទាវអគ្គព្រះរាជអាជ្ញាដែលលោកមុននេះបានប្រកាសក្នុងមហាសន្និបាតថាចាប់ពីពេលនេះតទៅគឺម៉ោងវិន័យ។ ម៉ោងវិន័យគឺដើម្បីដកចេញនូវបណ្ដាសារចេញពីអង្គចៅក្រមដែលថាត្រីមួយកន្ត្រកស្អុយមួយគឺស្អុយទាំងអស់ យើងមិនអនុញ្ញាតឱ្យត្រីមួយនោះមកស្អុយត្រីមួយកន្ត្រកទេ!»។

ការប្ដេជ្ញារបស់អ្នកធ្វើការទាក់ទងនឹងវិស័យយុត្តិធម៌នាពេលនេះគឺស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ និងវិធានការណ៍គន្លឹះទី៥របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងនឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរមហាសន្និបាតវិស័យយុត្តិធម៌ជាលើកទី១ដ៏ធំនេះរៀបចំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនានេះ ដោយមានថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញាមកពីសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសប្រមាណជាង ៧០០នាក់ចូលរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក