អឺរ៉ុប៖ សមាសភាពក្រុមក្នុងវគ្គចែកពូលនៃពាន UEFA Champions League ២០២១/២០២២ កាន់តែលេចចេញរូបរាងច្បាស់ឡើង ក្រោយពីក្រុមចំនួន ៣ បានបញ្ចប់វគ្គ Play-Off និងទទួលបានកៅអីវគ្គចែកពូលជាផ្លូវការកាលពីយប់មិញនេះ ខណៈ ៦ក្រុមផ្សេងទៀត នឹងត្រូវបន្តប្រជែងនៅវគ្គ Play-Off ជើងទី២ យប់នេះ។
ការប្រកួតរវាង PSV និង Benfica នៅទឹកដី Eindhoven ប្រទេសហូឡង់កាលពីយប់មិញនេះ ពុំមានគ្រាប់ស៊ុតបញ្ចូលទីគ្នាឡើយ ពោលគឺការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០-០ ដែលនាំឱ្យ Benfica ដែលឈ្នះជើងទី១ នៅទឹកដីព័រទុយហ្គាល់ ឈានទៅវគ្គចែកពូលតែម្តង។
ក្រៅពី Benfica ដែលឡើងវគ្គបន្តយប់មិញ BSC Young Boy របស់ស្វីស ក៏បន្តជ័យជម្នះរបស់ខ្លួននៅជើងទី២ ក្នុងលទ្ធផល ៣-២ ដដែលទល់នឹងក្រុម Ferencvarosi របស់ហុងគ្រី និងឡើងទៅវគ្គបន្តដោយលទ្ធផលសរុបទាំងពីរជើង ៦-៤។ ដោយឡែក Malmo FF របស់ស៊ុយអែត ភ្លាត់ចាញ់ Ludogoret របស់បុលហ្គារី យប់មិញនេះ ២-១ តែយ៉ាងណាក្តី ក្រុមដែលដឹកនាំដោយអតីតគ្រូជំនួយក្រុមជម្រើសជាតិដាណឺម៉ាក លោក Jon Tomasson, Malmo FF បានឈានឡើងទៅវគ្គចែកពូលផងដែរ ក្រោយពីឈ្នះ ២-០ កាលពីជើងទី១ និងសរុបទាំងពីរជើងដោយលទ្ធផល ៣-២។
គួរបញ្ជាក់ថា សម្រាប់ការចាប់ឆ្នោតបែងចែកពូលពាន UEFA Champions League នឹងត្រូវធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ខណៈ Chelsea គឺជាក្រុមការពារតំណែងជើងឯក៕