ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មិនមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឆ្នាំ២០២៤ ប៉ុន្តែសង្រ្កាន្តរាជធានី-ខេត្ត កំពុងត្រូវបានរៀបចំជាបន្តបន្ទាប់

ភ្នំពេញ៖ យោងតាមការឱ្យដឹងពីផេកផ្លូវការ «ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត» បានឱ្យដឹងថានឹងមិនមានរៀបចំអង្គរសង្រ្កាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំ២០២៤នេះ នោះទេ ខណៈតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាបានកំពុងរៀបចំកម្មវិធីសង្រ្កាន្តជាបន្តបន្ទាប់។

តាមក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖« បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ»។

សារដដែលខាងលើបានលើកឡើងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។

ទន្ទឹមនោះ គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។

ជាមួយគ្នានេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០១៣ ពេលដែលក្រុមការងាររៀបចំ «អង្គរសង្រ្កាន្ត» លើកទី ១ ស.ស.យ.ក បានធ្វើលិខិតផ្លូវការទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានបញ្ជាក់ថា ពាក្យ “សង្រ្កាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧ និងជាទំនៀមប្រពៃណីខ្មែរតាំងពីដើមរៀងមក។

លោក ហ៊ុន ម៉ានី បន្ថែមថា ពិធីសង្ក្រាន្តនេះក៏ត្រូវបានរៀបចំនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍យើងដែរដូចជា ឡាវ ថៃ ភូមា ជាដើម។

លោកថា៖«អស់រយៈពេល ១០ ឆ្នាំ (២០១៣-២០២៣) ខ្ញុំជាសមាជិកក្នុងក្រុមការងារម្នាក់ ក្នុងចំណោមសមាជិក និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក រាប់ម៉ឺននាក់ ដែលបានលះបង់ពេលវេលា ខិតខំរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ដើម្បីជាការលើកស្ទួយកេរដំណែលជាតិ ហើយអង្គរសង្រ្កាន្ត ក៏បានបណ្តុះស្មារតីនេះដល់ស.ស.យ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័ន សាលារៀន នៅទូទាំងប្រទេស ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តគ្រប់ទីកន្លែងនៅកម្ពុជានាពេលកន្លងមក»។

គួរឱ្យដឹងដែរថា តាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ តាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាបាន និងកំពុងរៀបចំកម្មវិធីសង្រ្កាន្តប្រចាំទីតាំងរបស់ខ្លួន ដោយមានការរៀបចំកម្មវិធីប្រពៃណី ល្បែងប្រជាប្រិយ ជាដើម ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សានិសិស្ស តាមមូលដ្ឋាន អបអរសាទរពិធីបុណ្យចូលឆ្នាំនប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក