ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្តវិស្វករចិននៅប្រទេសប៉ាគីស្ថានបណ្ដាលឱ្យស្លាប់មនុស្ស ៦នាក់
ប៉ាគីស្ថាន៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានចូលបំផ្ទុះទៅលើរថយន្តរបស់វិស្វករចិន ដែលជាក្រុមការងារវិស្វករធ្វើការលើគម្រោងទំនប់វារីអគ្គិសនីនៅភាគពាយព្យប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារ ទី២៦ ខែមីនានេះ ដែលបានបណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារនេះ។
គួរឱ្យដឹងថា នេះគឺជាហេតុការណ៍វាយប្រហារធំទី៣ហើយក្នុងសប្តាហ៍នេះក្នុងប្រទេសប៉ាគីស្ថាន នៃការប៉ះទង្គិចទៅលើជនជាតិចិនក្នុងប្រទេសនៃតំបន់អាស៊ីខាងត្បូងមួយនេះ។ ការវាយប្រហារពីរលើកមុនៗបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស និងកំពង់ផែយុទ្ធសាស្ត្រមួយក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដែលចិនកំពុងវិនិយោគក្នុងតម្លៃរាប់ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទាំងនេះ។
មេប៉ូលីសប្រចាំតំបន់បានប្រាប់មកកាន់អ្នកសារព័ត៌មានថា វិស្វករដែលជាជនរងគ្រោះកំពុងធ្វើដំណើរពីរដ្ឋធានី អ៊ីស្លាម៉ាបាដ (Islamabad) ទៅកាន់ជំរុំស្នាក់នៅរបស់ពួកគេនៅឯការដ្ឋានសាងសង់ទំនប់ Dasu ក្នុងខេត្ត Khyber Pakhtunkhwa។ បើតាមប្រភពពីមេប៉ូលិសដដែលបានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នេះ មានជនជាតិចិនជាវិស្វករចំនួន ៥នាក់ និងអ្នកបើកបររថយន្តជនជាតិប៉ាគីស្ថានម្នាក់។
គួរបញ្ជាក់ថា ដាស៊ូ (Dasu) គឺជាទីតាំងនៃទំនប់ទឹកដ៏សំខាន់ ហើយតំបន់នេះក៏ធ្លាប់ត្រូវបានរងការវាយប្រហារនាពេលកន្លងមកផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ មានហេតុការណ៍បំផ្ទុះឡានក្រុងមួយបណ្ដាលឱ្យមនុស្ស ១៣នាក់បានស្លាប់ ក្នុងនោះមានជនរងគ្រោះចំនួន ៩នាក់គឺជាជនជាតិចិន។ បច្ចុប្បន្ននេះ មានវិស្វករជនជាតិចិនជាច្រើនកំពុងស្នាក់នៅ និងធ្វើការលើគម្រោងធំៗមួយចំនួនដែលប៉ាគីស្ថានសហការជាមួយចិន លើទំហំទឹកប្រាក់វិនិយោគប្រមាណ ៦៥ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថាន (CPEC) ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road) របស់ខ្លួន។
ក្នុងហេតុការណ៍នេះ ស្ថានទូតចិនប្រចាំប៉ាគីស្ថាននៅមិនទាន់មានការអធិប្បាយណាមួយលើបញ្ហានេះនៅឡើយទេ។ ដោយឡែក រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានចេញមុខមកថ្កោលទោសចំពោះការវាយប្រហារនេះ ហើយបាននិយាយថាប៉ាគីស្ថាននឹងនូវតែបន្តប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធជ្រុលនិយមនៅក្នុងប្រទេសរបស់ខ្លួនបន្ថែមទៀត៕