ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) បានបញ្ជាក់ថា ករណីក្រុមហ៊ុនCIC មិនមានការបោកប្រាស់ដូចការចោទប្រកាន់ឡើយ តែជាវិបត្តិរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CIC នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ចាក់ថា សំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទ នីយភាពសាច់ប្រាក់ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនគូសបញ្ជាក់ថា នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិន ជាអទិភាព។
ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក បានថ្លែងអំណរគុណចំពោះវិនិយោគិនមួយភាគធំ ដែលបានសហការក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ និងស្នើវិនិយោគិនបន្តចូលរួមក្នុងយន្តការដោះស្រាយបញ្ហានេះក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួមដែលមាន ន.ម.ក ជាអាជ្ញាធរមានសមត្ថកិច្ចដើម្បីអាចឲ្យក្រុមហ៊ុនបញ្ចប់បេសកកម្មក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់វិនិយោគិន៕