ក្រចេះ៖ កូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF បានប្រទះឃើញនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នេះជាកូនផ្សោតទី៦ហើយ ដែលកើតនៅ៣ខែដើមឆ្នាំ២០២៤នេះ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីជំនាញក៏បានប្រទះឃើញកូនសត្វផ្សោតកើតថ្មីចំនួន២ក្បាល ដោយមួយក្បាលប្រទះឃើញនៅខេត្តស្ទឹងត្រែង ប៉ុន្តែមានមួយក្បាលទៀតទើបតែកើតបាន១ ទៅ២ថ្ងៃក៏បានស្លាប់ទៅវិញត្រង់ចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ ដោយមន្ត្រីជំនាញសន្និដ្ឋានថាស្លាប់ដោយសារការបំពានរបស់ពពួកផ្សោតធំៗ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មានសត្វផ្សោតចំនួន២ក្បាលបានស្លាប់។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយជាសត្វមានតម្លៃស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត៕