ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណានសាធារណរដ្ឋប្រជាមានិតចិន។
គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោ រួមមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
សម្តេចតេជោ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះសម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន ចិន និង នាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជា អនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
លើសពីនេះសម្ដេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា៕