កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកំពូលរបស់ខ្លួនគឺលោក គីម ជុងអ៊ុន (Kim Jung Un) បានអញ្ជើញទៅត្រួតពិនិត្យអង្គភាពរថក្រោះដែលធ្លាប់វាយលុកលើទីក្រុងសេអ៊ូលក្នុងអំឡុងសង្គ្រាមកូរ៉េ ដោយមេដឹកនាំនៃទីក្រុងព្យុងយ៉ាងរូបនេះបានអំពាវនាវឱ្យមានការត្រៀមលក្ខណៈកាន់តែច្រើនសម្រាប់ការប្រយុទ្ធណាមួយដែលអាចកើតឡើង។
គួរចាប់អារម្មណ៍ថា ទំនាក់ទំនងនៃរវាងបងប្អូនកូរ៉េទាំងពីរ បានធ្លាក់ដល់ចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្នុងនោះគេសង្កេតឃើញថា កងកម្លាំងយោធានៃរដ្ឋាភិបាលកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងនូវអាវុធហាមឃាត់ជាច្រើន រួមទាំងការបាញ់បង្ហោះមីស៊ីលផ្លោង និងចាប់ផ្តើមការសាកល្បងនូវមីស៊ីលប្រភេទថ្មីរបស់ខ្លួនជាច្រើនលើកទៀតផង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ឱ្យដឹងថា លោក គីម បានអញ្ជើញទៅទស្សនាកងពលរថក្រោះទី១០៥ Ryu Kyong Su កាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយនឹងរូបភាពដែលបង្ហាញពីការពិនិត្យផែនការវាយប្រហារលើកូរ៉េខាងត្បូងពីសំណាក់មេដឹកនាំរូបនេះផងដែរ។ សារព័ត៌មាន KCNA ក៏បានពណ៌នាថា "នេះគឺជាអង្គភាពដំបូងគេដែលបានវាយប្រហារទៅលើទីក្រុងសេអ៊ូល និងបង្ហោះទង់ជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) នៅលើអគារនៃរដ្ឋាភិបាលអាយ៉ង"។ KCNA ក៏បានថ្លែងបញ្ជាក់ដែរថា សង្រ្គាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពណាមួយឡើយ ដែលមានន័យថាប្រទេសទាំងពីរនៅតែមានលក្ខណៈបច្ចេកទេសនៅក្នុងសង្រ្គាមនៅឡើយ។
ប្រភពពី KCNA ដដែលបញ្ជាក់ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យសមយុទ្ធរបស់អង្គភាព ហើយបានសម្តែង "ការពេញចិត្តជាខ្លាំង" ដែលក្រុមរថក្រោះត្រូវបានរៀបចំយ៉ាងល្អ និងបង្ហាញពី "ឆន្ទៈដ៏មុតមាំក្នុងការបំផ្លាញសត្រូវ"។ លោកក៏បានអំពាវនាវឱ្យមានការបន្ថែមនូវមនោគមវិជ្ជាបន្ថែមទៀតដើម្បីជួយកងកម្លាំងដើម្បីបន្តតួនាទីរបស់ខ្លួនឱ្យបានកាន់តែប្រសើរ និងជាពិសេសគឺការត្រៀម និងបង្កើនសមត្ថភាពប្រយុទ្ធ។
ថ្មីៗនេះនៅខែមីនា កូរ៉េខាងជើងបានព្រមានថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវទូទាត់សងមកកូរ៉េខាងជើងវិញចំពោះសកម្មភាពសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ ហើយលោក គីម ជុងអ៊ុន បានព្រមានបន្ថែមថា លោកនឹងដឹកនាំអង្គភាពកាំភ្លើងធំមួយដោយផ្ទាល់ ដែលអង្គភាពនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារលើរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង៕