ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីជំរុញការពង្រឹងសមត្ថភាពបច្ចេកវិទ្យា របស់សហគ្រាសដើម្បីទាញប្រយោជន៍ពីពាណិជ្ជកម្មពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញការពង្រឹងសមត្ថភាពបច្ចេកវិទ្យានិងការធ្វើឲ្យរីកចម្រើនរបស់សហគ្រាសក្នុងស្រុកដើម្បីទាញប្រយោជន៍ពីពាណិជ្ជកម្មពិភពលោក។

ថ្លែងក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ នៅមជ្ឈមណ្ឌលកោះពេជ្យ ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីបានលើកឡើងថា បានជំរុញឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើយ៉ាងណាឲ្យសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយបន្ថែម បច្ចេកវិទ្យា ជាអាទិភាពទី ៥ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ។

ទន្ទឹមនឹងនោះសហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ភាពធន់ ចីរភាព និងបរិយាប័ន្ន ។

សម្ដេចថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល នៅក្នុងបរិការណ៍ ដែលប្រទេសកម្ពុជា កំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋប្រជាមានិតចិន, អារ៉ាប់អេមីរ៉ាតរួម និងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership- RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

៊សម្តេចធិបតី ក៏បានលើកទឹកចិត្តផងដែរ ដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍÷ ក្រសួង-ស្ថាប័ន, សកលវិទ្យាល័យ, មជ្ឈមណ្ឌលស្រាវជ្រាវ, វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នាអនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សាំ ចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក