ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានសភាថៃកោតសរសើរការអភិវឌ្ឍនៃប្រទេសកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបប្រធានរដ្ឋសភាថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះព្រឹទ្ធសភា និង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូ យ៉ាងល្អប្រពៃ និងយ៉ាងកក់ក្តៅ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ។ បន្ថែមលើនេះលោកប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាននាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយឯកឧត្តមមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។

លោក វ៉ាន់មូហាម៉ាត់ ណ មៈថា ក៏បានបង្ហាញពីការទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរនឹងឈានដល់ការរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា លើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភានៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកនាពេលខាងមុខនេះផងដែរ។ ព្រមជាមួយគ្នានេះលោកប្រធានរដ្ឋសភា បានជម្រាបជូនសម្តេចធិបតី ថា រដ្ឋសភាថៃនឹងបន្តចូលរួមចំណែក និងគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា តាមរយៈទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាថៃនាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ថែទាំដល់ពលករខ្មែរដែលកំពុងបំពេញការងារ នៅព្រះរាជាណាចក្រថៃ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃលើការផ្ដល់នូវការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-entry Visa Fee) សម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រឡប់ទៅព្រះរាជាណាចក្រថៃវិញ។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោកប្រធានរដ្ឋសភា ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់បញ្ហាតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ ហើយក៏បានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍វិស័យឌីជីថល ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា បទឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ ផងដែរ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក