ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលចិនកំពុងពិចារណាចាប់ផ្តើមកិច្ចចរចាអំពីកិច្ចការដែនសមុទ្រជាមួយអូស្ត្រាលី ខណៈភាពតានតឹងកើនឡើងក្នុងចំណោមប្រទេសជាច្រើនដែលជាប់ព្រំដែនសមុទ្រចិនខាងត្បូងកំពុងបន្តគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
គួរឱ្យដឹងថា បញ្ហាដែនសមុទ្រគឺជាប្រធានបទដ៏ក្តៅគគុករវាងចិន និងអូស្ត្រាលី ចំពេលមានការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងនៅក្នុងផ្លូវទឹកសេដ្ឋកិច្ចដ៏សំខាន់នៃសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរតែទាំងស្រុង ទោះបីជាមានការទាមទារលើបន្ទាត់ត្រួតស៊ីគ្នាដោយបណ្ដាប្រទេសជាសមាជិកនៃប្រជាជាតិអាស៊ីអាគ្នេយ៍ជាច្រើនដូចជាវៀតណាម, ហ្វីលីពីន, ម៉ាឡេស៊ីជាដើមក៏ដោយ។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលី រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយសមភាគី និងមេដឹកនាំជាច្រើនរូបផ្សេងទៀត ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងការយល់ឃើញផ្ទុយគ្នាជុំវិញបញ្ហាសន្តិសុខក្នុងតំបន់។ ឆ្លើយតបនឹងដំណើរទស្សនកិច្ចទៅកាន់ទឹកដីអូស្រ្តាលីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ថ្លែងថា៖ "ភាគីទាំងពីរបានយល់ព្រមក្នុងការស្តារ និងបង្កើតការសន្ទនាក្នុងវិស័យផ្សេងៗ"។ ក្នុងនោះអ្នកនាំពាក្យរូបនេះដដែលបញ្ជាក់ថា វិស័យដែលប្រទេសទាំងពីរនឹងសម្លឹងរកការជំរុញកិច្ចសហប្រតិបត្តិការរួមមានកិច្ចការការទូត ពាណិជ្ជកម្ម បច្ចេកវិទ្យា អប់រំ និងការអនុវត្តច្បាប់។
ដោយឡែក នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ថ្លែងថា អូស្រ្តាលីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសុវត្ថិភាព និងអរិភាពអស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ចំពេលមានការប៉ះទង្គិចគ្នារវាងនាវាចិន និងហ្វីលីពីននៅក្នុងដែនទឹកដែលមានជម្លោះ។ កាលពីខែវិច្ឆិកាកន្លងទៅ អូស្ត្រាលីក៏បានរិះគន់ចិនផងដែរ ចំពោះអន្តរកម្មរបស់កងទ័ពជើងទឹក "គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ" ក្នុងហេតុការណ៍មួយដែលបានបណ្ដាលឱ្យយោធាអ្នកមុជទឹកអូស្រ្តាលីម្នាក់រងរបួស។
គូសបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានធ្វើឡើងនៅខែមីនានេះ អូស្ត្រាលី និងបណ្ដាប្រទេសជាសមាជិកអាស៊ាន បាននិយាយថា ប្រទេសទាំងអស់គួរតែបដិសេធពីសកម្មភាពឯកតោភាគីនៅក្នុងសមុទ្រចិនខាងត្បូង ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលកំពុងមានជម្លោះ៕