កីឡា៖ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសថា ក្រុមហ៊ុន Nike ដែលជាម៉ាកសម្លៀកបំពាក់កីឡាយក្សរបស់អាមេរិក នឹងក្លាយជាដៃគូផ្គត់ផ្គង់ផ្លូវការរបស់សហព័ន្ធចាប់ពីឆ្នាំ២០២៧ តទៅ ដែលមានន័យថាសហព័ន្ធបាល់ទាត់អាល្លឺម៉ង់នឹងបញ្ចប់ភាពជាដៃគូចាស់វស្សាដ៏យូរលង់រាប់ទស្សវត្សរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡាអាល្លឺម៉ង់ Adidas។
សហព័ន្ធបាល់ទាត់អាល្លឺម៉ង់បញ្ជាក់បន្ថែមឱ្យដឹងថា Nike នឹងជាដៃគូផ្គត់ផ្គងឯកសណ្ឋានគ្រប់ឈុតនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣៤ ដោយបានផ្តល់ជូននូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតមួយមកកាន់សហព័ន្ធ។
ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "ភាពជាដៃគូរវាង Nike និង DFB សម្រាប់ពេញមួយទស្សវត្សក្រោយ នឹងជួយឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនូវគោលបំណងអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសអាល្លឺម៉ង់"។ លោកបន្តថា៖ "យ៉ាងណាមិញ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ យើងនូវតែរួមគ្នាជាដៃគូដ៏ល្អបំផុតដើម្បីជោគជ័យរួមគ្នាជាមួយដៃគូដ៏យូរអង្វែងរបស់យើងនាពេលបច្ចុប្បន្នគឺ Adidas ដែលបានរួមចំណែកយ៉ាងច្រើនលើសលុបជាមួយបាល់ទាត់អាល្លឺម៉ង់ជាង ៧០ឆ្នាំកន្លងមក"។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានប្រើប្រាស់ផលិតផល Adidas គ្រប់ព្រឹត្តិការណ៍ World Cup ទាំងអស់ពីឆ្នាំ១៩៥៤មក ខណៈកាលពីឆ្នាំ២០១៩ ក្រុមហ៊ុនក៏បានបន្តកិច្ចសន្យាជាមួយសហព័ន្ធ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២២។ ក្រុមហ៊ុន Adidas បានបញ្ជាក់ថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ទើបជូនដំណឹងអំពីការសម្រេចនេះនៅថ្ងៃព្រហស្បតិ៍ម្សិលមិញប៉ុណ្ណោះ៕