សៀមរាប៖ តុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន២រូបបន្ថែមទៀតពាក់ព័ន្ធសំណុំរឿង ឡេង ចាន់ណា ដោយចោទប្រកាន់ពីបទពីបទ«ឆបោកមានស្ថានទម្ងន់ទោស» និងបទ «សម្អាតប្រាក់»។
ជនត្រូវចោទទាំង២រូប ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ រូប ជាបណ្ដោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សាលាដំបូងខេត្តសៀមរាបអះអាងថា នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។
គូសរំលឹកថា លោកស្រី ឡេង ចាន់ណា និងបក្សពួកចំនួន២នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួននាថ្ងៃទី១២ ខែមីនា
បន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះចំនួនជាង៥ពាន់គ្រួសារដែលបានចាញ់បោកទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក ក្នុងទម្រង់ដាក់ទុនវិនិយោគដោយទទួលបានការប្រាក់។ ២ថ្ងៃក្រោយបន្ទាប់ពីតុលាការឃុំខ្លួននៅពន្ធនាគារ លោកស្រី ឡេង ចាន់ណា បានអស់ងារជាឧកញ៉ា៕