ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារបានជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រយៈពេល១៧ថ្ងៃ ដើម្បីជួសជុល ជណ្តើរឈើឡើងប្រាសាទប្រាង្គ។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ កំពុងអនុវត្តគម្រោងជួសជុល ជណ្តើរឈើឡើងប្រាសាទប្រាង្គ (ជណ្តើរឈើចាស់ ដែលមានសភាពទ្រុឌទ្រោម) ក្នុងគោលបំណងរក្សា សុវត្ថិភាពជូនភ្ញៀវទេសចរ។
ក្រុមការងារបានជួសជុលជណ្តើរថ្នាក់ទី១ ដល់ថ្នាក់ទី៤ រួចរាល់ ដោយឡែកចាប់ ពីថ្នាក់ទី៥ ដល់ថ្នាក់ទី៧ ដោយទីតាំងមិនអំណោយផលសម្រាប់ការរៀបចំជណ្តើរចល័តសម្រួលដល់ការ ទស្សនាជូនភ្ញៀវ អាជ្ញាធរជាតិព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្នការឡើងទស្សនាប្រាសាទប្រាង្គ ចាប់ពីថ្នាក់ ទី៥ ដល់ថ្នាក់ទី៧ រយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
គួរឱ្យដឹងដែរថា ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន ១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន៥៦។ ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕