ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ដោយ លើកទឹកចិត្តដល់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្តយកចិត្តទុកដាក់លើកការពង្រឹងគុណភាពផ្លូវតាមជនបទ។
សម្តេចធិបតីថ្លែងដូចនេះក្នុងពិធីបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយសម្តេចណែនាំឱ្យក្រសួងខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការងារស្ថាបនា ជួសជុល លើកកម្រិត និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិជ្ជាថ្មីៗ។
សម្តេចធិបតីបញ្ជាក់ថា ជាពិសេសត្រូវយកចិត្តទុកដាក់ការស្ថាបនាលើកកម្រិត និងកែលម្អផ្លូវជនបទឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានានៃការប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ សម្តេចក៏បាននែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធររាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ លើការងារ រៀបចំផែនទីផ្លូវ ធ្វើបញ្ជីសារពើព័ន្ធ និងដាក់លេខផ្លូវឱ្យបានត្រឹមត្រូវ និង រៀបចំធ្វើវិសោធនកម្មស្តីពីការបង្កើតគណៈកម្មាការត្រួយពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់សម្រាប់សារធារណៈជនប្រើប្រាស់យូរអង្វែង ព្រមទាំងការគ្រប់គ្រងដីចំណីតាមផ្លូវ បណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ក្នុងគោលដៅរក្សាចំណីផ្លូវសម្រាប់គ្រប់ប្រភេទសម្រាប់ការអភិវឌ្ឍន៍ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅពេលអនាគត។
សម្តេចធិបតីក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទ នៅលើផ្លូវជនបទ និងត្រូវសហការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនូវតាមសងខាងផ្លូវជនបទឱ្យបញ្ឈប់ការលុបប្រឡាយដោះទឹកនៅតាមសងខាងផ្លូវដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវផងដែរ៕