ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបក្រុមហ៊ុនជាសមាជិកសមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលមានចំណាប់អារម្មណ៍លើវិស័យការអភិវឌ្ឍបៃតង។

លោក ស៊ុន ចាន់ថុល នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា មានមកពីប្រទេសចិន និងសិង្ហបុរី ចូលជួបពិភាក្សាការងារ ព្រមទាំងស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។

នាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះកម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កម្ពុជាមានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។

លោកបានឱ្យដឹងទៀតថា ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង។

គួរឱ្យដឹងដែរថា ក្រុមហ៊ុនដែលចូលរួមដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក