ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

យុន្ធនាការអំណានលើកទី៣ បន្តលើកកម្ពស់អក្ខរកម្មនៅតំបន់ដាច់ស្រយាល

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) នឹងរៀបចំយុទ្ធនាការអំណានឮៗជាលើកទី៣ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណ Factory Phnom Penh ដោយយុទ្ធនាការអំណានឮៗ ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយ ជីអាយអេ GIA Tower - Garden in the Air និង Factory Phnom Penh។

ស្របតាមបេសកកម្មស្នូលរបស់ខ្លួនក្នុងការជំរុញកម្មវិធីអប់រំ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ចូលរួមលើកកម្ពស់អក្ខរកម្ម និងបណ្តុះវប្បធម៌នៃការអានក្នុងចំណោមកុមារ។ គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺកៀរគរអំណោយជាសៀវភៅចំនួន ១០ ០០០ (១ ម៉ឺន) ក្បាល ដើម្បីផ្តល់ជូនបណ្ណាល័យ និងជុំរុំអំណានចំនួន ២១៦ នៅសហគមន៍ដាច់ស្រយាល នៅខេត្តក្រចេះ ព្រះវិហារ និងបន្ទាយមានជ័យ ដែលអង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការ។

លោក នី សុផារ៉ាន នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖«យុទ្ធនាការអំណានឮៗ លើសពីការកៀរគរសៀវភៅអាន តែវាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍លើការអាន និងការសិក្សារបស់កុមារ។ តាមរយៈយុទ្ធនាការនេះ យើងមានបំណងបង្កើតផលវិជ្ជមានយូរអង្វែង តាមរយៈការផ្តល់ឱ្យកុមារនូវលទ្ធភាពទទួលបានសម្ភារៈអានប្រកបដោយគុណភាព និងបណ្តុះក្តីស្រលាញ់ចំពោះសៀវភៅ»។

ជុំរុំអំណានចំនួន ៩៧០ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅតាមបណ្តាខេត្តចំនួន ១០ កំពុងផ្តល់ផលដល់កុមារចំនួនជាង ៣០ ០០០ (៣ម៉ឺន) នាក់។ លើសពីនេះ ឪពុកម្តាយ និងអាណាព្យាបាល ចំនួនជាង ៤ ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាល ដើម្បីជំរុញបរិយាកាសសិក្សា និងការអាននៅផ្ទះ ដែលជួយជំរុញដល់ការអាន និងការរៀនសូត្ររបស់កូនៗពួកគេ។

លោក សុផារ៉ាន បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃអក្ខរកម្ម ក្នុងការជួយជំរុញឱ្យកុមារបញ្ចេញនូវរាល់សក្តានុពល និងបំភ្លឺអនាគតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងពីបញ្ហាប្រឈមផ្នែកអក្ខរកម្មរបស់ប្រទេសកម្ពុជា ដែលកុមារជាង ៥០% មានបញ្ហលើការអាន ឬការយល់ពីសាច់រឿងសាមញ្ញៗ ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា។

ការរំខានដែលបណ្តាលមកពីការបិទសាលាដោយសារជំងឺរាតត្បាតបានធ្វើឱ្យបញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ធ្ងរ ដែលរារាំងដល់សមត្ថភាពអានរបស់សិស្សបន្ថែមទៀត។ ការសិក្សាបានបង្ហាញថា ការផ្តល់សៀវភៅរឿងដែលមានគុណភាពខ្ពស់ និងការបង្កើតបណ្តាញគាំទ្រការអាន ជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលអាចធ្វើឱ្យលទ្ធផលអានមានភាពប្រសើរឡើង។

យុទ្ធនាការអំណានឮៗ នៅឆ្នាំនេះ ចាប់ផ្តើមជាមួយនឹងសកម្មភាពដែលមានការចូលរួម ភាពជាដៃគូ និងការសហការជាមួយអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីបន្លឺសាររបស់យុទ្ធនាការ។

ដោយបង្ហាញពីភាពសារទរចំពោះយុទ្ធនាការនេះ កញ្ញា ផាន់ រាសី អ្នកគ្រប់គ្រងទូទៅ SP Building Management - អគារ GIA Tower បានបញ្ជាក់ថា៖«ភាសា ទំនាក់ទំនង និងការអាន គឺជាមូលដ្ឋានគ្រឹះនៃការសិក្សាទាំងអស់។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់កុមារ នៅតំបន់ដាច់ស្រយាល ដើម្បីបង្កើនបទពិសោធន៍ ការគិត និងការសន្ទនាតាមរយៈការអាន»។

កញ្ញា ជួន ចាន់ណាក់ អ្នកសម្របសម្រួលព្រឹត្តិការណ៍របស់ Factory Phnom Penh បានបង្ហាញពីក្តីរំភើបរីករាយដែលបានចូលរួមចំណែកក្នុងយុទ្ធនាការ ដើម្បីលើកកម្ពស់ការអប់រំនៅតាមតំបន់ជនបទ និងបណ្តុះសហគមន៍អានដែលមានលក្ខណៈអំណោយផល។ កញ្ញាបានគូសបញ្ជាក់ពីតួនាទីសំខាន់នៃការអានទាំងការរីកចម្រើនផ្ទាល់ខ្លួន និងការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ។

ទាំងតំណាង SP Building Management - អគារ GIA Tower និង Factory Phnom Penh ក៏ស្នើឱ្យមានការចូលរួមពីសាធារណៈជន សាលារៀន និងស្ថាប័ននានា ក្នុងយុទ្ធនាការនេះ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមដែលចាំបាច់ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវិតរបស់កុមារ តាមរយៈអក្ខរកម្ម។

កុមារជាង ៥ ៥០០ នាក់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានទទួលផលពី ភាពជោគជ័យនៃយុទ្ធនាការសៀវភៅ ១ម៉ឺន ក្បាល ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយអង្គការទស្សនៈពិភពលោក រំពឹងថា នឹងបន្តរក្សាបាននូវភាពជោគជ័យនេះ និងក្តីសង្ឃឹមសម្រាប់កុមារកម្ពុជា។

កុមារមុន្នី ឧត្តម ជាសិស្សថ្នាក់ទី៣ នៅស្រុករវៀង បានលើកឡើងថា៖ “ខ្ញុំរីករាយណាស់ដែលសហគមន៍បានសាងសង់ជំរំអាន ហើយមានសៀវភៅជាច្រើនសម្រាប់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំបានអាន និងរីករាយជាមួយគ្នា។ ឧត្តម បន្តដោយភាពរីករាយថា៖«ខ្ញុំ និងមិត្តភ័ក្តិតែងតែមកទីនេះដើម្បីគូររូប ឬខ្ចីសៀវភៅមកអាននៅផ្ទះជាមួយឪពុកម្តាយ និងបងប្អូនរបស់ពួកយើង»។

ឧត្តម និងមិត្តភ័ក្តិរបស់គេ ចង់ឃើញសកម្មភាពចែកសៀវភៅបែបនេះ ពង្រីកដល់តំបន់ដាច់ស្រយាលផ្សេងទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក