ភ្នំពេញ៖ តាមការព្យាករពីក្រសួងធនធានទឹក និងឧតុនិយម នៅរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សាខែឧសភា ឆ្នាំ២០២៤ អាកាសធាតុនឹងឡើងដល់៣៨អង្សា និងមានភ្លៀងធ្លាក់កក់ខែជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
ក្រសួងធនធានទឹក បានបញ្ជាក់ឱ្យដឹងថា បាតុភូតនេះកើតឡើងដោយយោងតាមការព្យាករថាចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ(El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។ ដោយឡែកបាតុភូតអនសូអព្យាក្រឹត(ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅក្នុងខែឧសភា។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះ ក្រសួងណែនាំឱ្យប្រុងប្រយ័ត្នចំពោះអាកាសធាតុក្ដៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕