កីឡា៖ ក្លិបបាល់ទាត់មេឃខៀវ Manchester City នឹងត្រូវប្រកួតជាមួយ Celtic (ស្កុតលែន), AC Milan (អ៊ីតាលី), Barcelona (អេស្ប៉ាញ) និង Chelsea (អង់គ្លេស) ក្នុងដំណើរទេសចរណ៍ប្រកួតមិត្តភាពមុនបើករដូវកាលថ្មី២០២៤-២៥ (Pre-season tour) នៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ក្លិបជើងឯក Premier League នេះឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា។
Manchester City ដែលកំពុងប្រជែងពានធំៗទាំងបី (Premier League, FA Cup និង UCL) ជាថ្មីនារដូវកាលនេះបានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមយុទ្ធនាការប្រកួតមិត្តភាពរដូវកាលថ្មីទល់នឹងក្លិប Celtic នៃលីគកំពូលស្កុតលែន នាថ្ងៃទី២៣ ខែកក្កដា មុននឹងជួប AC Milan នៃក្របខណ្ឌអ៊ីតាលី Serie A នាថ្ងៃទី២៧ ខែកក្កដា នៅកីឡដ្ឋាន Yankee Stadium នាទីក្រុង New York។
បន្ទាប់មក Manchester City នឹងធ្វើដំណើរទៅកាន់រដ្ឋ ហ្វ្ល័រីដា (Florida) ដើម្បីប្រកួតជាមួយ FC Barcelona នៅថ្ងៃទី៣០ ខែកក្កដា មុននឹងបន្តជួប Chelsea ជាប្រកួតមិត្តចុងក្រោយនៅថ្ងៃទី០៣ ខែសីហា មុននឹងចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ Premier League។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ Manchester City បានចំណាយពេលប្រកួតមិត្តភាពមុនបើករដូវកាលរបស់ខ្លួននៅទឹកដីអាស៊ីដោយធ្វើការប្រកួតមិត្តភាពជាមួយក្លិប Bayern Munich របស់អាល្លឺម៉ង់, Atletico Madrid របស់អេស្ប៉ាញ និង Yokohama F Marinos របស់ជប៉ុន ដែលការប្រកួតធ្វើឡើងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕