បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស ៣នាក់ និងរឹបអូសគ្រឿងញៀន ២គីឡូក្រាម
រាជធានីភ្នំពេញ៖ តាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, លោកឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៖០០នាទីរំលងអាធ្រាត្រ កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនល្មើស ៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួមមាន៖
១. ឈ្មោះCHEN YONGKANG ភេទប្រុស ជនជាតិ ចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤
២. ឈ្មោះCHEN YANAN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៥ និង
៣. ឈ្មោះ FAN GAO YUN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៣។
ដោយឡែក សម្រាប់វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧ក្រាម។ សរុបរួមសារធាតុញៀនដែលកម្លាំងជំនាញដកហូតបានមានទម្ងន់សរុប ២០០០.៩៨ក្រាម (២គីឡូក្រាម ០.៩៨ក្រាម)៕