រដ្ឋមន្រ្តីយុត្តិធម៌ និងទូតរុស្ស៊ីប្រចាំកម្ពុជា បង្កើតឱ្យមានយន្តការរួមមួយ ដើម្បីឱ្យការអនុវត្តកិច្ចសហការច្បាប់កាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ Koeut Rith បានអនុញ្ញាតឱ្យលោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
កិច្ចជួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតរុស្សី បានបង្កើតឱ្យមានយន្តការរួមមួយ រវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ដើម្បីឱ្យការអនុវត្តកិច្ចសហប្រតិបត្តិការផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានបានពិភាក្សាទៅលើវឌ្ឍនភាពទំនាក់ទំនងទ្វេភាគីកម្ពុជា និងរុស្ស៊ីលើផ្នែកនីតិកម្ម ជាពិសេសការសម្រេចឱ្យបាននូវសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដើម្បីបំពេញបន្ថែមលើសន្ធិសញ្ញាទ្វេភាគីចំនួន ២ ផ្សេងទៀតដែលមានស្រាប់គឺ សន្ធិសញ្ញាទ្វេភាគីស្ដីពីបត្យាប័ន និងសន្ធិសញ្ញាទ្វេភាគីស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់រវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕